ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីមន្ដ្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំតាមបណ្ដារាជធានី ខេត្ត បានខិតខំបន្តអនុវត្តភារកិច្ចក្នុងវិស័យម្ហូបអាហារដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ និងបង្កើនការផ្សព្វផ្សាយអំពីច្បាប់ជូនធុរជនឱ្យបានយល់ដឹងបន្ថែម។
មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលប្រចាំតាមបណ្ដារាជធានី ខេត្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិ និងអនុលោមច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ។
ជាកស្ដែងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ មន្រ្តីជំនាញបានបន្តត្រួតពិនិត្យនូវទំនិញគ្រប់ប្រភេទនៅលើទីផ្សារដើម្បីរកនូវទំនិញមិនមានអនុលោមភាពចៀសវាងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខាតបង់ផលប្រយោជន៍ផ្សេងៗ និងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធជូនដល់ធុរជនដើម្បីស្វែងយល់បន្ថែម ចៀសវាងប្រកបអាជីវកម្មល្មើសនឹងច្បាប់ដែលមានចែង។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ ជាលទ្ធផល មន្រ្តីជំនាញរកឃើញ និងដកហូតទំនិញខូចគុណភាព និងមិនមានអនុលោមភាពចំនួន ៤៥.៦៧គីឡូក្រាមកម្ទេចចោល និងអប់រំបន្ថែមដល់ធុរជនឱ្យបានយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិរបស់អគ្គនាយកដ្ឋានផងដែរ៕ដោយ៖តារា