កូរ៉េខាងត្បូងបានបង្កើនការប្រកាសអាសន្នសុខភាពរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតនៅថ្ងៃសុក្រ (២៣ កុម្ភៈ) បន្ទាប់ពីការធ្វើកូដកម្មទ្រង់ទ្រាយធំដោយវេជ្ជបណ្ឌិតក្នុងសប្តាហ៍នេះ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo បាននិយាយថា មន្ទីរពេទ្យសាធារណៈនឹងពង្រីកម៉ោងធ្វើការ ដើម្បីទប់ទល់នឹងភាពតានតឹងដែលកើនឡើងនៅក្នុងប្រព័ន្ធវេជ្ជសាស្ត្រ។
ជិតពីរភាគបីនៃវេជ្ជបណ្ឌិតវ័យក្មេងរបស់ប្រទេសនេះបានលាឈប់ពីការងាររបស់ពួកគេដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលកូរ៉េក្នុងការទទួលយកសិស្សបន្ថែមទៀតទៅសាលាពេទ្យ។ កូដកម្មបានបង្ខំឱ្យមន្ទីរពេទ្យបង្វែរអ្នកជំងឺចេញ និងលុបចោលនីតិវិធី ហើយបានបង្កើនការភ័យខ្លាចនៃការរំខានបន្ថែមទៀតដល់ប្រព័ន្ធសុខាភិបាល ប្រសិនបើកូដកម្មអូសបន្លាយយូរ។
នាយករដ្ឋមន្ត្រី Han Duck Soo បាននិយាយថា “ប្រតិបត្តិការនៃបរិក្ខារពេទ្យសាធារណៈនឹងកើនឡើងដល់កម្រិតអតិបរមា”។ លោកថា មន្ទីរពេទ្យរដ្ឋនឹងពន្យារម៉ោងប្រតិបត្តិការ ហើយក៏នឹងបើកនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកដែរ។
ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា រហូតមកដល់ពេលនេះមានវេជ្ជបណ្ឌិតជាង 8,400 នាក់បានចូលរួមក្នុងកូដកម្ម ស្មើនឹងប្រហែល 64% នៃគ្រូពេទ្យស្នាក់នៅ និងហាត់ការទាំងអស់នៅក្នុងប្រទេសកូរ៉េ។
ការកើនឡើងសម្ពាធលើមន្ទីរពេទ្យបានជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបង្កើនកម្រិតប្រកាសអាសន្នសុខភាពទៅជា “ធ្ងន់ធ្ងរ” ពី “ការប្រុងប្រយ័ត្ន” គិតត្រឹមថ្ងៃសុក្រនេះ។
វេជ្ជបណ្ឌិតដែលចូលរួមក្នុងការតវ៉ាបាននិយាយថា បញ្ហាពិតគឺប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ ការតវ៉ាដ៏ធំមួយត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យ៕ ដោយធីរីណា
រូបថត: Reuters