ក្រសួងធនធានទឹក និងឧតុនិយម ៖ ករណីលោក ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គរំលោភយក “ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់ ដប់លានរៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុគ្គលឈ្មោះ ទន់ ឆៃអ៊ាង ដែលជាឧកញ៉ា ចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិនៅស្រុកស្រីសន្ធរ, អាជ្ញាធរខត្តកំពង់ចាម ​ចាត់វិធានការជាបន្ទាន់ និងទុកពេល៧០ថ្ងៃឲ្យកាយថ្មចេញវិញ ! នេះបើយោងតាមលិខិតរដ្ឋបាលខេត្តកំពង់ចាម ។ ដោយឡែកក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖ ករណីលោក  ទន់ ឆៃអ៊ាង ចាក់ថ្មចូលទន្លេមេគង្គរំលោភយក “ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់ ដប់លានរៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖

“ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។

ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួងនឹងបន្តតាមដានវិធានការកំណត់ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print