មហាសេដ្ឋីលេខ១ប្រចាំប្រទេសចិន Zong Qinghou ទើបទទួលមរណភាព នៅអាយុ៧៩ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា លោក Zong Qinghou ដែលជាមហាសេដ្ឋីចិនធ្លាប់ឈរនៅចំណាត់ថ្នាក់កំពូលក្នុងនាមជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសចិន ទើបតែបានទទួលមរណភាពនាថ្ងៃអាទិត្យនេះ ក្នុងវ័យ៧៩ឆ្នាំ។

លោក Zong គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន Wahaha ដែលមានឯកទេសក្នុងផ្នែកទឹកបរិសុទ្ធ ភេសជ្ជៈ តែ និងផលិតផលដទៃទៀត។ ក្រុមហ៊ុន Wahaha បានចេញសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមចិនថា រូបលោកទើបតែទទួលមរណភាពនាព្រឹកថ្ងៃអាទិត្យនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក្នុងសប្តាហ៍នេះ បានរាយការណ៍ថា លោក Zong បានសម្រាកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានការផ្តល់ខ្លឹមសារលម្អិតជុំវិញស្ថានភាពជំងឺលោកឡើយ។
បើតាមជីវប្រវត្តិរបស់លោក លោក Zong បានចាប់ផ្តើមប្រឡូកធ្វើអាជីវកម្ម ក្នុងវ័យខ្ទង់៤០ឆ្នាំទៅហើយ តាមរយៈការលក់ភេសជ្ជៈឱ្យក្មេងៗ ហើយពេលខ្លះដោយសារតែខ្វះខាតលុយខ្លាំង រូបលោកត្រូវបង្ខំចិត្តទៅដេកនៅក្រោមស្ពានក្នុងទីក្រុងប៉េកាំងថែមទៀតផង ព្រោះគ្មានលទ្ធភាពជួលផ្ទះសំណាក់។ លោកបានបង្កើត Wahaha ឡើង នៅឆ្នាំ១៩៨៧ ហើយកសាងក្រុមហ៊ុននេះឱ្យក្លាយជាក្រុមហ៊ុនភេសជ្ជៈដ៏ធំសម្បើមមួយ ដែលមានផលិតផលដាក់លក់នៅគ្រប់កន្លែងទូទាំងប្រទេសចិន។
កាលពីឆ្នាំ២០១០ លោក Zong ជាប់ឈ្មោះក្នុងបញ្ជីកំពូលមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ក្នុងឋានៈជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំប្រទេសចិន គឺ៨ពាន់លានដុល្លារ។ ចំណែកកាលពីឆ្នាំ២០២៣ រូបលោកស្ថិតក្នុងចំណាត់ថ្នាក់លេខ៥៣នៅចិន ជាមួយទំហំទ្រព្យ៥.៩ពាន់លានដុល្លារ៕ ដោយធីរីណា

...

រូប​ថត​: Bloomberg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print