ខេត្តបាត់ដំបង ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើដំណើរទៅកាន់អង្គភាពគយនិងរដ្ឋាករនៅតាមបណ្ដាមាត់ច្រកព្រំដែនកម្ពុជា-ថៃនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមមានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង ការិយាល័យគយនិងរដ្ឋាករស្ថានីយរថភ្លើងបាត់ដំបង ការិយាល័យគយនិងរដ្ឋាករដូង ការិយាល័យគយនិងរដ្ឋាករអូរអន្លក់ ការិយាល័យគយនិងរដ្ឋាករអូររំដួល ការិយាល័យគយនិងរដ្ឋាករភ្នំដី ការិយាល័យគយនិងរដ្ឋាករម៉ាឡៃ និងការិយាល័យគយនិងរដ្ឋាករបឹងត្រកួន ដើម្បីពិនិត្យស្ថានភាពបំពេញការងាររបស់មន្រ្តីគយនិងរដ្ឋាករ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញការងារនានារបស់អង្គភាពទាំងនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីគយនិង រដ្ឋាករគ្រប់រូបត្រូវពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបំពេញការងារ ពិសេសលើការទប់ស្កាត់អំពើរត់គេចពន្ធតាមគ្រប់រូបភាព ដើម្បីចូលរួមកៀរគរប្រមូលចំណូលថវិកាជាតិឱ្យបានគ្រប់តាមផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
ក្នុងអំឡុងពេលនៃដំណើរចុះត្រួតពិនិត្យការងារខាងលើ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក រដ្ឋមន្រ្តីប្រតិភូមនាយករដ្ឋមន្រ្តី ក៏បានចូលរួមជាមួយគណៈប្រតិភូដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ ៕
ដោយ ៖ សិលា