ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់នៅបន្ទប់ជួល ខណៈជនបរទេសរូបនោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី ។
ប្រភពព័ត៌មានពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់បានឲ្យដឹងថា មុន ពេលកើតហេតុដោយបុរសជាបងថ្លៃ និងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសជនបរទេស(ជនរងគ្រោះ) បានអង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួល បន្ទាប់មកពុំដឹងថាបុរសជនបរទេសរូបនោះ មានរឿងនឹងបញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ បន្ទាប់មកទៀតក៏មានស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅមើល និងសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួស ក្រោយមកទៀត ធ្វើឲ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យ។ ក្រោយពិនិត្យរួចបានដឹកសពទៅតម្កល់ទុកនៅសពតម្កល់នៅវត្តទឹកថ្លា រង់ចាំ
ទំនាក់ទំនងរកសាច់ញាតិនៅពេលក្រោយ៕ ជ្រោយពេជ្រ