ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ និងការសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងអង្គពាក់ព័ន្ធនានា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តចារ្យ គ្រូនគរបាលជាតិ មន្រ្តី និស្សិតនគរបាលនៃបណ្ឌិត្យសភាចំនួនប្រមាណ១០០០នាក់។នេះបើយោងតាមប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា។
នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព លទ្ធផលនៃអង្គសន្និបាត និងសមិទ្ធផលធំៗជាច្រើនដែលសម្រេចបាន ៨១.៧៤% នៃផែនការក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បើទោះបីជាជួបវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។
នាយឧត្ដមសេនីយ៍ បានបន្តថា ៖ លទ្ធផលការងារដែលសម្រេចជោគជ័យនេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍, ជាអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាព, ព្រមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការខិតប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងមានការចូលរួមចំណែកយ៉ាងសកម្មពីសប្បុរសជននានា ផងដែរ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ទៅកាន់អង្គសន្និបាតដោយបានសម្ដែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល និងមន្រ្តីទាំងអស់ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យបណ្ឌិត្យសភាកាន់តែមានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិព្រមទាំងមានលក្ខណសម្បត្តិស្របតាមស្ដង់ដាគុណភាពដែលបានកំណត់។ បន្ថែមលើនេះ លោកអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ក្នុងជួរកងកម្លាំងនគរបាលជាតិឱ្យមានសមត្ថភាព និងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ។ ជាមួយគ្នានោះដែរ លោកអភិសន្តិបណ្ឌិត បានណែនាំឱ្យបណ្ឌិត្យសភាបន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតនូវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីកសាងស្នាដៃដើម្បីឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការផលិតចេញនូវមូលធនមនុស្សប្រកបដោយសក្ដានុពល ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង៕
ដោយ ៖ សិលា