សារព័ត៌មាន AFP នៅថ្ងៃទី២៧ខែ កុម្ភៈបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទទី២៦ ខែកុម្ភៈបាននិយាយថាលោកផ្ទាល់សង្ឃឹមថានឹងមានបទឈប់បាញ់មួយសម្រាប់តំបន់ហ្កាហ្សា ដែលអាចនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។
នៅចំពោះមុខវិបត្តិមនុស្សធម៌កាន់តែរាលដាលធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងតំបន់ហ្កាហ្សា អ្នកតំណាងមកពីប្រទេសអេហ្ស៉ីប កាតារ សហរដ្ឋអាមេរិក បារាំង និងប្រទេសមួយចំនួនទៀតបាននិងកំពុងព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់ ដើម្បីស្វែងរកការបិទបញ្ចប់សង្រ្គាម និងការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។
នៅពេលត្រូវបានសាកសួរអំឡុងធ្វើទស្សនកិច្ចមួយទៅកាន់ទីក្រុងញូវយ៉កថា តើអាចនឹងមានកិច្ចព្រមព្រៀងមួយដែរឬទេ? លោក ចូ បៃដិន បានឆ្លើយថា «ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំបានប្រាប់ខ្ញុំថាយើងកំពុងខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀង…ហើយខ្ញុំសង្ឃឹមថានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ យើងនឹងមានបទឈប់បាញ់មួយ»។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលចំពោះសំណើឱ្យអ៉ីស្រាអែលដកកងទ័ព ហើយនិយាយថា បទឈប់បាញ់មួយគ្រាន់តែអាចពន្យារពេលការវាយលុកចូលទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សាតែប៉ុណ្ណោះ៕ ដោយធីរីណា
រូបថត:France24