អន្តរជាតិ៖ វាជារឿងមួយដែលមិនគួរនឹកស្មានដល់ថា ព្យុះផ្គររន្ទះដ៏ខ្លាំងមួយបានវាយប្រហារក្នុងទីក្រុងស៊ីដនី ចំងាយត្រឹមតែ ១០ គីឡូម៉ែត្រពីកីឡដ្ឋាន Accor ជាកន្លែងប្រគំតន្ត្រី Eras Tour របស់ Taylor Swift កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុននេះ ។ នេះបើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយ។
សារព័ត៌មាន Daily Mail បានសរសេរថា អ្នកគាំទ្រនៅខាងក្រោមឆាក ត្រូវបានស្នើសុំឲ្យស្វែងរកទីជំរក ដោយម្នាក់ៗពាក់អាវភ្លៀងកំពុងរត់កន្លែងសុវត្ថិភាពភ្លាមៗ។
ក្នុងនោះផងដែរ កីឡដ្ឋាន Accor បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមុនម៉ោង ៦ ល្ងាច ដោយជូនដំណឹងដល់ទស្សនិកជនថា “ការសម្តែងរយៈពេល ៣ ម៉ោងនឹងត្រូវពន្យារពេលដោយសារអាកាសធាតុ។ សូមរក្សាសុវត្ថិភាព រហូតដល់មានការជូនដំណឹងបន្ថែម និងអនុវត្តតាមការណែនាំពីបុគ្គលិក”។
សូមជម្រាបជូនថា កម្មវិធីដំបូងរបស់ Taylor Swift នៃ The Eras Tour នៅទីក្រុងស៊ីដនី ត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅម៉ោង ៦:២០ នាទីល្ងាចជាមួយនឹងតារាចម្រៀង Sabrina Carpenter ជាអ្នកសម្ដែង ហើយ Swift នឹងចាប់ផ្តើមនៅម៉ោង ៧:៣០ នាទី យប់។ ដោយសារតែអាកាសធាតុមិនល្អ ការសម្តែងរបស់ Carpenter ត្រូវបានលុបចោលភ្លាមៗដូចគ្នា។
គួរបញ្ជាក់ថា Taylor Swift នឹងសម្តែងរយៈពេលបួនយប់នៅទីក្រុងស៊ីដនី ចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ។ កាលពីចុងសប្តាហ៍មុន នាងមានកម្មវិធីលក់ដាច់ចំនួនបីដែលមានអ្នកទស្សនាបំបែកឯតទគ្គកម្មជាង ៩៦,០០០ នាក់នៅកីឡដ្ឋាន Melbourne Cricket Ground នេះបើតាមសារព័ត៌មាន People បានចុះផ្សាយនាពេលកន្លងមក៕
រូបថត: timesng