ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីជួបសំណេះសំណាល និងប្រគល់រថយន្តជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ នៅបរិវេណមុខអគារទីស្តីការក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ៖ ការផ្ដល់រថយន្តជូនដល់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ នេះ គឺជាផ្នែកមួយនៃការលើកទឹកចិត្ត ក៏ដូចជាការរួមចំណែកដើម្បីបំពេញបន្ថែមនូវមធ្យោបាយ និងសម្ភារៈ ឱ្យកាន់តែមានលទ្ធភាព និងភាពងាយស្រួល ក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃរបស់អង្គភាពនីមួយៗ។
ជាការពិត ជោគជ័យរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ គឺជាជោគជ័យរួមរបស់ក្រសួងមហាផ្ទៃទាំងមូល ក្នុងបេស កកម្មបម្រើជាតិ និងប្រជាជន ពិសេសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕