សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រាសកាលពីថ្ងៃអង្គារទី២៧ ខែកុម្ភៈថា សមាគមបានជ្រើសរើសលោក Hwang Sun-hong គ្រូបង្វឹកក្រុមអាយុក្រោម២៣ឆ្នាំ ជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិ ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦នាពេលខាងមុខ។
គណៈកម្មាធិការជាតិដែលជាស្ថាប័នប្រឹក្សារបស់ KFA បាននឹងកំពុងស្វែងរកអ្នកជំនួស បន្ទាប់ពីបណ្តេញលោក Juergen Klinsmann ក្រោយពីក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Asian Cup និងចំពេលមានការរិះគន់ពីការដឹកនាំរបស់គាត់។
លោក Hwang វ័យ៥៥ឆ្នាំបានដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឱ្យទទួលបានមេដាយមាសនៅក្នុងកីឡា Hangzhou Asian Games ឆ្នាំ២០២២ និងជាសមាជិកនៃក្រុមបាល់ទាត់ពិភពលោកឆ្នាំ២០០២ ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិហូឡង់ Guus Hiddink ។
KFA បានបញ្ចប់កិច្ចសន្យាលោក Klinsmann បន្ទាប់ពីការដឹកនាំបរាជ័យរបស់កូរ៉េខាងត្បូងនៅដំណាក់កាលពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Asian Cup ដែលបានបន្តការរង់ចាំរយៈពេល៦៤ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ទី៣ និងបានធ្វើឱ្យមានការរិះគន់ឡើងវិញចំពោះការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ។
លោក Hwang ក៏នឹងត្រូវទប់ទល់នឹងការប៉ះទង្គិចគ្នាក្នុងក្រុមរបស់គាត់ផងដែរ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាជាសាធារណៈរវាងប្រធានក្រុម Son Heung-min របស់ Tottenham Hotspur និងមិត្តរួមក្រុម Lee Kang-in របស់ Paris St Germain ខណៈដែលគាត់ធ្វើឱ្យក្រុមត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦នៅខែមេសាក្នុងប្រទេសកាតា ៕ (រូបភាព ៖Reuters/CNA/AFP)