រដ្ឋបាលរាជធានីភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំមូស រយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ បាញ់បាន៤២ សង្កាត់ហើយ

ចែករំលែក៖

ភ្នំពេញ ៖…អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់ សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទញ្ជាឱ្យ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់ មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

    លោកវេជ្ជបណ្ឌិត  ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បញ្ជាក់ឱ្យដឹងថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២៤ថា៖ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ គិតដល់ថ្ងៃ២៩ កុម្ភៈ២០២៤ ក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៩ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមគឺអនុវត្តបាន៤២សង្កាត់ហើយ លើ១០៥សង្កាត់ក្នុងចំនួន១៤ ខណ្ឌទូទាំងរាជធានីភ្នំពេញ។

     ជាមួយគ្នានេះប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា។ យើងរួមគ្នា លុបបំ បាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

         សូមបញ្ជាក់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ យើងត្រូវដាក់ថ្នាំអាបែតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕. ដោយ៖  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print