ភ្នំពេញ៖ រយៈពេល ២ថ្ងៃនេះ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខា រួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖
– ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន ៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។
⁃ ទី២ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើតូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។
ក្នុងសកម្មភាពនៃការត្រួតពិនិត្យនេះផងដែរ គឺមានការគាំទ្រពីក្រុមជំនាញនៃអង្គការរបស់ SPEC និង ISC ដែលជាក្រុមអ្នកជំនាញផ្នែកអនុវត្តវិធានអនាម័យលើប្រព័ន្ធ HACCPផងដែរ។ ជាមួយគ្នានោះមន្រ្តីជំនាញបានធ្វើការដកហូតបាននូវបង្គារដែលមានចាក់នូវសារធាតុគីមីចំនួន១២.៣៥គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទចំនួន ៦.៥គីឡូក្រាមយកកម្ទេចចោលជៀសវាងបង្កហានិភ័យចំពោះសុខភាពអ្នកបរិភោគ៕