មានមនុស្សជាង ១ពាន់លាននាក់ហើយមានជំងឺធាត់ជ្រុល ក្នុងនោះមានជាង ៦៥០លាននាក់ ជាមនុស្សពេញវ័យ និងមនុស្សវ័យជំទង់ជាង៣៤០លាននាក់ ក្រៅពីនេះនៅមានកុមារ ៣៩លាននាក់ផងដែរ។
សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ បានដកស្រង់របាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet បានរកឃើញថា សព្វថ្ងៃនេះ មនុស្សសរុបច្រើនជាង១ពាន់លាននាក់ហើយ នៅជុំវិញពិភពលោក ដែលកំពុងកើតជំងឺធាត់ជ្រុល ឬ obesity ដោយតួលេខនេះ បានកើនឡើង៤ដង បើធៀបទៅនឹងកាលពីឆ្នាំ១៩៩០។
ការសិក្សាខាងលើដែលធ្វើឡើង ក្រោមកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា កាលពីឆ្នាំ១៩៩០ គឺមនុស្សពេញវ័យ វ័យជំទង់ និងកុមារ ដែលកើតជំងឺធាត់ជ្រុល មានចំនួនប្រហែល២២៦លាននាក់ ខណៈតួលេខនេះបានកើនដល់ ១,០៣៨លាននាក់ នៅឆ្នាំ២០២២។ ស្របពេលក្រុមគ្រូពេទ្យ ដឹងថាចំនួនអ្នកកើតជំងឺធាត់ជ្រុល មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ កន្លងមកចំនួនលើស១ពាន់លាននាក់នេះ ត្រូវបានគេរំពឹងថា ទាល់តែនៅឆ្នាំ២០៣០ឯណោះ ទើបកើនដល់។
ក្រុមអ្នកស្រាវជ្រាវ បានវិភាគទៅលើរង្វាស់ទម្ងន់និងកម្ពស់ របស់មនុស្សជាង២២០លាននាក់ នៅតាមប្រទេសសរុបលើស១៩០ មុនឈានដល់ការសន្និដ្ឋានខាងលើ។ ពួកគេបានប៉ាន់ស្មានថា ស្រ្តីពេញវ័យចំនួន៥០៤លាននាក់ និងបុរសពេញវ័យ៣៧៤លាននាក់ បានកើតជំងឺធាត់កាលពីឆ្នាំ២០២២ ដោយអត្រាកើតជំងឺនេះ បានកើនជិត៣ដង សម្រាប់បុរស គឺ១៤ភាគរយ គិតចាប់តាំងពីឆ្នាំ១៩៩០ ហើយកើនជាងទ្វេដង សម្រាងប់ស្រ្តី គឺ១៨.៥ភាគរយ។ ក្នុងឆ្នាំដដែលនោះ កុមារនិងក្មេងវ័យជំទង់ប្រមាណ១៥៩លាននាក់ ក៏បានស្ថិតក្នុងស្ថានភាពធាត់ជ្រុលផងដែរ ដែលកើនពីចំនួនត្រឹម៣១លាននាក់ កាលពីឆ្នាំ១៩៩០៕
រូបថត: AFP