ភ្នំពេញ÷នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ លោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួង សុខាភិបាល និងសហភាពអឺរ៉ុប។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេសជារដ្ឋសមាជិក នៃសហភាពអឺរ៉ុប ដែលបានសហការគាំទ្រវិស័យសុខាភិបាលទាំងបច្ចេក ទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា នាពេលកន្លងមកដូចជា សាធារណរដ្ឋឆេកបានជួយលើ គម្រោងអភិវឌ្ឍពង្រឹងសមត្ថភាពការថែទាំជុំវិញកំណើត (Perinatal care center) គម្រោងសុខភាពមាតា និងទារកទើបននឹងកើត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (GDR) បាននិងកំពុងជួយគម្រោងគាំពារសុខភាពសង្គម,កម្មវិធីសមធម៌សុខភាព និងលើកកម្ពស់គុណភាពសេវានៅកម្ពុជា គម្រោងសុខភាពតែមួយ (One Health 4 Cambodia) ប្រទេសបារាំង បានជួយការងារបណ្តុះ បណ្តាលវេជ្ជបណ្ឌិតឯកទេសជារៀងរាល់ឆ្នាំ បណ្តាប្រទេសអឺរ៉ុបខាងជើង (Nordic Country) ជួយគម្រោងមូលនិធិសាកល ជាពិសេសគឺការផ្តល់ជំនួយវ៉ាក់សាំងតាមរយៈ កម្មវិធី COVAX និងតាមរយៈជំនួយទ្វេភាគីជាដើមក្នុងគោលដៅចូលរួមចំណែកគាំទ្រឱ្យកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខ ភាពជាសកល (Universal Health Coverage- UHC) ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូសហភាពអឺរ៉ុប អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច ដែលក្រសួងសុខាភិបាលកម្ពុជាបាន និងកំពុងអនុត្តុនាពេលបច្ចុប្បន្ននេះ។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងអបអរសាទរសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកទទួលបាននូវគ្រឿងបឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ (La Légion d’honneur) ពីប្រទេសបារាំង ដែលជាសមាជិកសភាពអឺរ៉ុប នាពេលថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានរំលឹកពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការគាំទ្រពីបណ្តាលសមាជិកនៃសហភាពអឺរ៉ុប ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងពេលផ្ទុះរាតត្បាតនៃជំងឺកូវិដ-១៩ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការបន្តគាំទ្រគម្រោងគាំពារសុខភាពសង្គម គម្រោងកាកបាទក្រហមកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃនិងកម្ពុជា-វៀតណាម ឯកឧត្តមស្នើសុំក្រសួងជួយផ្តល់ដំណឹង និងលើកទឹក ចិត្តដល់និសិត្យកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីអាហារូប ករណ៍តាមរយៈ ERASMUS ផងដែរ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្លែងអំណរគុណសហភាពអឺរ៉ុប ជាពិសេសឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការវិនិយោគរបស់សហគ្រាស នៃរដ្ឋសមាជិកសហភាពអឺរ៉ុប លើកការផលិតឱសថ វ៉ាក់សាំង និងបរិក្ខារវេជ្ជសាស្ត្រមានគុណភាពខ្ពស់ និងនិយាមអន្តរជាតិ គ្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕