ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៦៣ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន ០៣នាក់ (មានខ្លួន០១នាក់ និងគេចខ្លួន០២នាក់) ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ប្រព្រឹត្តនៅខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ តំណាងអយ្យការដកហូតបានវត្ថុតាងគ្រឿងញៀន និងសារធាតុផ្សំផ្សេងទៀតទម្ងន់ជាង ២ គីឡូក្រាម។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ DA ZHUANG ភេទប្រុស ជាប់ចោទពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ តាមមាត្រា៨ នៃច្បាប់ស្តីពីអន្តោប្រវេសន៍។
គួររម្លឹកថា លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅផ្សេងគ្នា គោលដៅទី១ នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅខុនដូរ R&F ជាន់ទី២៩ បន្ទប់លេខ២៩០៦ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស កើតឆ្នាំ១៩៩០ ជនជាតិចិន។ វត្ថុតាងចាប់យកបាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៤៥០.៩១ក្រាម, គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ១៦២៤.៥២ក្រាម, គ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៥,៩៨ក្រាម។ សរុបសារធាតុញៀនទម្ងន់ ២០៨១.៤១ក្រាម (២គីឡូ ៨១.៤១ក្រាម)៕