ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ត្រីជំនាញ បានបន្តចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់រថយន្តដឹកលើសទម្ងន់សរុបចំនួន ១០គ្រឿង នៅក្នុងភូមិសាស្រ្តខេត្តចំនួន០៣។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់សរុបចំនួន ១០គ្រឿង កាលពីថ្ងៃទី១ ខែមីនាម្សិលមិញនេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
លោក ផន រឹម បានគូសបញ្ជាក់ថា ក្នុងចំណោមរថយន្តដឹកលើសទម្ងន់ទាំង ១០គ្រឿង មានលើសក្នុងកម្រិតអនុគ្រោះចំនួន ៦គ្រឿង លើសទម្ងន់ត្រូវពិន័យចំនួន ៤គ្រឿង និងត្រូវឃាត់ទុក១ឆ្នាំចំនួន ៣គ្រឿង (២គ្រឿងនៅខេត្តកំពង់ស្ពឺ និង១គ្រឿងនៅខេត្តតាកែវ)។ យានយន្តដែលត្រូវពិន័យគឺដឹកលើសទម្ងន់សរុបពី ៧តោន ដល់ ២៩តោន។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕ដោយ៖តារា