ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ មីនា ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពកាយថ្មចេញពីទន្លេ ក្នុងភូមិសាស្ត្រ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខណៈបច្ចុប្បន្ន នេះបានសម្រេចបាន៧០%ហេីយ។
គួរជម្រាបជូនថា រដ្ឋបាលខេត្តកំពង់ចាម បាចេញសេចក្ដីប្រកាសព័ត៌មានជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង លោក ស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជា មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ មកម្លេះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ ហើយសកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។
ជាក់ស្ដែងជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឲ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម ៖
១. បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
២. ត្រូវធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
៣. ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្ដាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍មកឲ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប៕ដោយ៖តារា