ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការកែសម្រួលមាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ សម្រេច :
មាត្រាមួយ ..
មាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានធ្វើការកែសម្រួល ដូចខាងក្រោម៖
មាត្រា៥ .. ថ្មី
គ.ស.ហ. ត្រូវជួបប្រជុំតាមការអញ្ជើញរបស់ប្រធាន ឬអនុប្រធាន ដោយមានការប្រគល់សិទ្ធិពី ប្រធាន។
គ.ស.ហ. មានសិទ្ធិអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ឬតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ឬ ឥស្សរជន ឬភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិនានា ដើម្បីចូលរួមពិភាក្សា និងផ្តល់យោបល់ក្នុងកិច្ចប្រជុំ របស់ គ.ស.ហ. តាមការចាំបាច់។
មាត្រា៦ .. ថ្មី
គ.ស.ហ. មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារមួយ ឬច្រើន ដើម្បីជួយ គ.ស.ហ. បំពេញភារកិច្ចតាមដាន វាយតម្លៃ សម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន អនុវត្តច្បាប់ លើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។ សមាជិកទាំងនោះអាចត្រូវបានជ្រើសរើសចេញពីក្រសួង ស្ថាប័ន តំណាងនៅក្នុង គ.ស.ហ. និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់។
មាត្រា៧.. ថ្មី
គ.ស.ហ. មានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាលេខាធិការដ្ឋានសម្រាប់គាំទ្រដល់ ការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។
តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់លេខាធិការដ្ឋានត្រូវកំណត់ដោយសេចក្តីសម្រេច របស់ប្រធាន គ.ស.ហ.។
មាត្រា៨ .. ថ្មី
ការចំណាយលើការបំពេញតួនាទី ភារកិច្ច និងកិច្ចដំណើរការការងាររបស់ គ.ស.ហ. និងយន្តការ ចំណុះឱ្យ គ.ស.ហ. ត្រូវប្រើប្រាស់កញ្ចប់ថវិការបស់ធនាគារជាតិ។
គ.ស.ហ. មានសិទ្ធិទទួល គ្រប់គ្រង និងចាត់ចែងនូវមូលនិធិ អំណោយ ធនធាន និងថវិកាដែល ទទួលបានពីប្រភពស្របច្បាប់ផ្សេងទៀត។
សមាសភាពនៃ គ.ស.ហ. និងសមាសភាពនៃយន្តការចំណុះ គ.ស.ហ. អាចទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ការបំពេញមុខងារក្នុងក្របខ័ណ្ឌនៃ គ.ស.ហ.។ ការចំណាយ លើការបើកប្រាក់រង្វាន់លើកទឹកចិត្តនេះ អាចប្រើប្រាស់ថវិការបស់ធនាគារជាតិ និង/ឬថវិកាដែល ទទួលបានពីប្រភពស្របច្បាប់ផ្សេងទៀត។
មាត្រា៩ .. ថ្មី
គ.ស.ហ. មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងយុត្តិធម៌ នៅក្នុងការបំពេញការងាររបស់ខ្លួន។
មាត្រាពីរ…
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រាទីបី ..
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សិលា