ម៉ាឡេស៉ីប្រកាសស្វែងរកយន្តហោះ MH370 ជាថ្មី ក្រោយការបាត់ខ្លួន១០ឆ្នាំកន្លងមក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤បានផ្សាយថា រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៉ីលោក Anthony Loke បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ម៉ាឡេស៉ីកំពុងជំរុញឱ្យមានការស្វែងរកសាជាថ្មីសម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈថ្ងៃខួប១០ឆ្នាំនៃការបាត់ខ្លួនជិតមកដល់។

យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន ២២៧នាក់និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។ ដំបូងឡើយ ក្រុមអ្នកស៉ើបអង្កេតម៉ាឡេស៉ី មិនបានច្រានចោលនូវលទ្ធភាពដែលថាយន្តហោះនេះបាត់ខ្លួនដោយចេតនានោះទេ តាមរយៈកម្ទេចកម្ទីដែលត្រូវបានយកមកផ្ទៀងផ្ទាត់ ហើយអ្នកខ្លះជឿថាយន្តហោះនេះរសាត់ទៅតាមឆ្នេរសមុទ្រអាហ្វ្រិកនិងនៅលើកោះនានាក្នុងមហាសមុទ្រឥណ្ឌា។
បើតាមលោក Anthony Loke ក្រុមហ៊ុនរុករកនៅបាតសមុទ្ររបស់សហរដ្ឋអាមេរិក Ocean Infinity ក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមពិភាក្សាអំពីគម្រោងស្វែងរកជាថ្មីរបស់ម៉ាឡេស៉ីនេះដែរ។ លោក Loke បានបញ្ជាក់ថា «រដ្ឋាភិបាលម៉ាឡេស៉ី ប្តេជ្ញាចិត្តក្នុងការស្វែងរក ហើយដំណើរការរកជើងហោះហើរ MH370 ត្រូវតែបន្ត»។
ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាតសមុទ្រដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយមិនទទួលបានផ្លែផ្កា។ ក្រោយមកនៅឆ្នាំ២០១៨ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ៕ ដោយធីរីណា

...

រូប​ថត​:quochoitv.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print