ខេត្តកំពង់ស្ពឺ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីរូបភាពផ្លូវជាតិលេខ៤ ក្រុងកំពង់ស្ពឺ បន្ទាប់ពីលើកកម្រិតរួចរាល់ក្រោមគម្រោងធនាគារពិភពលោក។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងថែទាំផ្លូវនេះឱ្យស្ថិតនៅក្នុងស្ថាភាពបែបនេះ រហូតដល់ ខែធ្នូ ឆ្នាំ២០២៦។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏សូមការអធ្យាស្រយ័ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ សូមមេត្តាកុំបើកបរលឿនពេក និងសូមមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះផ្លូវនេះស្ថិតក្នុងដំណាក់កាលកំពុងអនុវត្តការងារសាងសង់ ដោយមានកំណាត់ខ្លះរួចរាល់ និងកំណាត់ខ្លះទៀតមិនទាន់រួចរាល់នៅឡើយ។
ជាមួយគ្នានេះ កាលពីព្រឹកមិញនេះ លោក ផន រឹម ក៏បានលើកឡើងថា យានយន្តសរុប ១០១ ៤៧៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០១ ៤៧៣ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១២៨ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ករណី ស្វែងរកជំនួយចំនួន ៦៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦១ករណី)។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។ សូមបើកបរដោយសុវត្ថិភាព!