ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ជាសាធារណៈមុននិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនពួកគេ ដែលប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនជាង ២គីឡូក្រាម ពីកម្ពុជាទៅកូរ៉េខាងត្បូង។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះគឺសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរចំនួន ២នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនជនល្មើស ២នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ)។
ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង២៧៩,២១ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿង និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សិលា