សារព័ត៌មាន AFP បានផ្សាយថាបេក្ខជនប្រធានាធិបតីនាំមុខគេមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី៥ ខែមីនា បានបង្ហាញការគាំទ្ររបស់លោកចំពោះ សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ហើយនេះគឺជាការអត្ថាធិប្បាយដោយផ្ទាល់ដំបូងបំផុតរបស់លោកពាក់ព័ន្ធនឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សា ខណៈដែលអន្តរជាតិកំពុងបង្កើនការដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកទប់ស្កាត់កុំឱ្យអ៉ីស្រាអែលធ្វើរឿងជ្រុលហួសហេតុពេក។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានអ្នកសម្របសម្រួលសាកសួរ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាតើរូបលោកឈរ នៅខាងអ៉ីស្រាអែលដែរឬទេ? លោក ត្រាំ បានឆ្លើយដោយឥតស្ទាក់ស្ទើរថា ជាការណ៍ពិតណាស់ លោកគាំទ្រអ៉ីស្រាអែល ហើយនៅពេលត្រូវបានសាកសួរបន្ថែមថា តើរូបលោកគាំទ្រចំពោះវិធីសាស្ត្រសង្រ្គាមដែលអ៉ីស្រាអែលកំពុងធ្វើនៅក្នុងតំបន់ហ្កាហ្សាឬទេ? លោក ត្រាំ បានឆ្លើយថា «អ្នកចាំបាច់ត្រូវតែបញ្ចប់បញ្ហា»។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ កើតមានឡើងចំពេលលោកប្រធានាធិបតី ចូ បៃដិន កំពុងរងសម្ពាធពីអន្តរជាតិនិងនៅក្នុងផ្ទៃក្នុងបក្សប្រជាធិបតេយ្យ ជុំវិញការគាំទ្ររបស់លោកចំពោះអ៉ីស្រាអែល ខណៈដែលជនជាតិប៉ាឡេស្ទីនស្លាប់ក្នុងតំបន់ហ្កាហ្សាកើនឡើងលើស ៣០ ០០០នាក់ហើយ៕ ដោយធីរីណា
រូបថត: Reuters