ភ្នំពេញ ៖ សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជា ការសម្រេចចិត្តបែបយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគ លើភាពសម្បូររុងរឿងសម្រាប់ ពេលអនាគតរបស់ប្រទេសទាំងពីរ ព្រោះថាគន្លងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំងភូមិសាស្ត្រ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគ អូស្ត្រាលី ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ផងដែរ។
នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកា ធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ ក្រុមហ៊ុន ។
មានប្រសាសន៍ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានភាពជឿជាក់មុតមាំថា ការរីកចម្រើនខាងវិស័យឯកជន គឺមានសារៈសំខាន់ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេស ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់បរិស្ថានអំណោយផលដល់អាជីវកម្ម និងការវិនិយោគ ដែលការប្តេជ្ញាចិត្តនេះប្រត្យក្ស ច្បាស់លាស់នៅក្នុងច្បាប់ថ្មីស្តីពីពន្ធដារ ធានាជំរុញឱ្យមានតម្លាភាព អាចព្យាករណ៍បាន និងរចនាសម្ព័ន្ធ ពន្ធដែលទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគដែលផ្ដល់នូវការលើកទឹកចិត្ត និងផ្តោតលើវិស័យចម្រុះ ។ ការដាក់បង្ហាញ ” សៀវភៅ ស្តីពី ការវិនិយោគនៅកម្ពុជា ” ថ្មី ដែល រៀបចំឡើង ដោយ DFAT របស់ អូស្ត្រាលី និង ក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា នា ខែកក្កដា ឆ្នាំ ២០២៣ គឺជាការណែនាំដ៏ទូលំទូលាយ សម្រាប់អ្នកវិនិយោគទុន ។ ក្រៅពីនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដើម្បីធានាឱ្យអាជីវកម្ម និងការវិនិយោគនៅកម្ពុជាមានលទ្ធភាពក្នុងការចូលទៅទីផ្សារក្នុងស្រុក និងអន្តរជាតិ និងកត្តាចាំបាច់ ដ៏ទៃទៀត តួយ៉ាងដូចជា សមាជិកភាពរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងសេរីភាពទ្វេភាគី និងពហុភាគី សំខាន់ៗ ផ្តល់ឱកាសអស្ចារ្យសម្រាប់ការវិនិយោគ និងអាជីវកម្មនៅកម្ពុជា ក្នុងគោលដៅនាំចេញ អាចទទួលបានភាពជោគជ័យក្នុងរយៈពេលវែង ។ រាជរដ្ឋាភិបាលកម្ពុជា បន្តវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវ កំពង់ផែសមុទ្រជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌល ឡូជីស្លឹក ក្នុងបំណងស្វះស្វែងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រក របៀងសំខាន់ៗទាំងនៅក្នុងប្រទេស និងតំបន់ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានចាប់ផ្តើមកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពី គ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដែលការណ៍នេះ នឹង បញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារហើយក៏ជាកិច្ចខិតខំប្រឹងប្រែងដែលនឹងជួយបង្កើនកម្លាំងពលកម្ម ដែលមានជំនាញក្នុងស្រុក ព្រមទាំងជួយកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្មទៀតផង ។
លើសពីនេះ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះថាមពលនិរន្តរភាព គឺជាឱកាសដ៏ល្អមួយសម្រាប់ អ្នកវិនិយោគអូស្ត្រាលី ព្រោះជាឱកាសទីផ្សារដ៏ល្អសម្រាប់ការដាក់ពង្រាយជំនាញរបស់អូស្ត្រាលី ជាមួយនឹងសក្តានុពលថាមពលព្រះអាទិត្យ ថាមពលទឹកសម្បូរបែប និងគោលដៅដ៏មហិច្ឆតាដែល បានរៀបរាប់នៅក្នុងផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី 2022-2040 ។ ការយកចិត្តទុកដាក់ របស់កម្ពុជាលើភាពជឿទុកចិត្ត, តម្លៃទាប, និងគោលដៅក្នុងការឈានទៅរកភាពអព្យាក្រឹតនៃកាបូន នៅឆ្នាំ ២០៥០ បានបង្កើតបរិស្ថានវិនិយោគរយៈពេលវែងប្រកបចេរភាព ។ សម្រាប់ក្រុមហ៊ុន ថាមពលស្អាតអូស្ត្រាលី ឱកាសទាំងនេះមិនត្រឹមតែសម្រាប់ការចាប់ផ្ដើមអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់ការនាំមុខនៅក្នុងទីផ្សាប្រកបដោយសក្តានុពល គាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសអូស្ត្រាលី ក្នុងនាមជាប្រតិបត្តិករសកលក្នុងការផ្លាស់ប្ដូរឆ្ពោះទៅរក អនាគតនៃថាមពលស្អាត ។
សម្តេចធិបតី ក៏បានរំឭកផងដែរដែរថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ អូស្ត្រាលី តែងតែជាអ្នកវិនិយោគដ៏សំខាន់មួយនៅកម្ពុជា លើវិស័យជាច្រើនរួមមានសេវាកម្មអប់រំ, អាហារ និងភេសជ្ជៈ,សេវាកម្មហិរញ្ញវត្ថុ, ការរុករករ៉ែ និងធនធាន, បដិសណ្ឋារកិច្ច និងការទិញសម្លៀកបំពាក់ ជាដើម ។
ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើភាពសម្បូររុងរឿងសម្រាប់ពេលអនាគតរបស់ប្រទេសទាំងពីរ ព្រោះថាគន្លងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំងភូមិសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគអូស្ត្រាលី ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី
ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ផងដែរ ។ បន្តទៅមុខ ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជានឹងកាន់តែមានសារៈសំខាន់ ថែមទៀតលើវិស័យជាច្រើនដូចជាកសិកម្ម និងឧស្សាហកម្មកសិកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថលហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌បៃតង ។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ក្នុងនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុននិងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ប្រយោជន៍ធានាបាននូវ ភាពជោគជ័យដល់ការធ្វើអាជីវកម្ម និងវិនិយោគក្នុងប្រទេស ជាពិសេស តាមរយៈការរៀបចំវេទិកា រដ្ឋាភិបាល និងវិស័យឯកជនជាប្រចាំ ។
ក្នុងពិធីនេះផងដែរ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖ ១. អនុស្សរណៈ យោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួម ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្ត្រាលី ។ ២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ៕