ភ្នំពេញ៖ លោក ថេង សុថុល អភិបាល ខណ្ឌ៧មករា និងលោកស្រី ឥន លីម្មី ជាឧត្តមភរិយា ព្រមទាំងមានការចូលពីលោក លោកស្រី ជាអភិបាលរងខណ្ឌ ជាសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ បានអញ្ជើញជួបជុំសំណេះសំណាលជាមួយក្រុមការងារ យេនឌ័រ ព្រមទាំងមន្រ្តីជានារី ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមប្រធានបទ «ស្រ្តី និង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។
ទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។
នាឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ បានកោតសរសើរជូនចំពោះមន្រ្តីជានារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ម្យ៉ាងវិញទៀត លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើដល់មន្រ្តីនារីទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញ ភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។
លោក ថេង សុថុល អភិបាល បានបញ្ជាក់ថា រដ្ឋបាលខណ្ឌ៧មករា រួមទាំងរដ្ឋបាលសង្កាត់ទាំង៨ មានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កើតបរិស្ថានអំណោយផល និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ចព្រមទាំងទទួលបានផលប្រយោជន៍ពីកិច្ចអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌ៧មករា ប្រកបដោយសមធម៌ និងសមភាពតាមរយៈការបន្តគិតគូរដល់ស្ត្រី ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោកអភិបាលខណ្ឌ ថេង សុថុល ក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ឧត្តមភរិយា ព្រមទាំងតំណាងនារីសង្កាត់ ខណ្ឌ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារី ដែលបានចូលរួមសរុប ក្នុងម្នាក់ៗ ទទួលបាន ផាមួងមួយក្បិន ៕ដោយ រ៉ារ៉ា