សារព័ត៌មាន Reutersបានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះ បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះធ្វើអធិការកិច្ចត្រួតពិនិត្យ ដោយផ្ទាល់នៅឯទីលានហ្វឹកហាត់របស់កងទ័ពនៃមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេស កាលពីថ្ងៃទី៦ ខែមីនា និងបានបញ្ជាឱ្យកងទ័ពប្រុងជើងការខ្ពស់សម្រាប់សង្រ្គាមផងដែរ។
ការធ្វើដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់មូលដ្ឋានទ័ពខាងលើដែលមិនត្រូវបានបញ្ជាក់ពីឈ្មោះ និងទីតាំងពិតប្រាកដ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំកាលពីថ្ងៃទី៤ ខែមីនា ក្នុងប្រទេសកូរ៉េខាងត្បូង ហើយសមយុទ្ធយោធារួមគ្នានេះដែរមានចំនួនកងទ័ពចូលរួមកើនឡើងទ្វេដង បើធៀបទៅនឹងសមយុទ្ធកាលពីឆ្នាំមុន។
តាម KCNA លោក គីម ជុងអ៊ុន បាននិយាយថា យោធាកូរ៉េខាងជើងត្រូវតែពង្រឹងនិងបង្កើនការប្រុងជើងការកម្រិតខ្ពស់បំផុតសម្រាប់សង្រ្គាម ស្របទៅតាមតម្រូវការចាំបាច់ ដើម្បីគ្រប់គ្រងស្ថានការណ៍។ លោក គីម បន្ថែមទៀតថា «កងទ័ពរបស់យើងត្រូវតែបង្កើនការធ្វើសមយុទ្ធសង្រ្គាមជាក់ស្ដែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន សម្រាប់ការប្រុងជើងការសង្រ្គាមដ៏ល្អឥតខ្ចោះ»។
សារ KCNA មិនបានបញ្ជាក់លម្អិតថា តើការលើកឡើងរបស់លោក គីម ជុងអ៊ុន ចង់សំដៅដោយផ្ទាល់ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូងឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបង្ហើបថាមេដឹកនាំកូរ៉េខាងជើងរូបនេះបានចុះត្រួតពិនិត្យកងទ័ពដែលកំពុងដឹកនាំការធ្វើហ្វឹកហាត់ នៅក្រោមសមយុទ្ធហាត់សមដូចសង្រ្គាមពិតៗ៕ ដោយធីរីណា
រូបថត: KCNA