ក្លិប Aston Villa បានរាយការណ៍ពីការខាតបង់ចំនួន១១៩.៦ លានផោននៅក្នុងគណនីចុងក្រោយរបស់ពួកគេរហូតដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣។ គណនីទាំងនេះគ្របដណ្តប់រយៈពេលដែលឃើញក្លិប Aston Villa បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងPremier League ដើម្បីមានសិទ្ធិសម្រាប់ទ្វីបអឺរ៉ុប។
ក្លិប Aston Villa បានប្រកាសថា តួលេខនេះគឺស្របតាមផែនការអាជីវកម្មជាយុទ្ធសាស្រ្ត និងនៅក្នុងច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ច្បាប់ PSR ដែលត្រូវបានណែនាំក្នុងឆ្នាំ២០១៥–២០១៦ អនុញ្ញាតឱ្យមានការខាតបង់រហូតដល់១០៦ លានផោនក្នុងរយៈពេល៣ឆ្នាំ។
សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ម្ចាស់ក្លិប Aston Villa នៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍រយៈពេលវែង និងប្រកបដោយនិរន្តរភាពរបស់ក្លិប ហើយយើងទន្ទឹងរង់ចាំការបន្តរីកចម្រើនលើការផ្តល់ផែនការយុទ្ធសាស្រ្តរបស់យើង“។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលនិធិសប្បុរសធម៌ និងបាល់ទាត់នារីអាចកាត់ចេញពីតួលេខរបស់ PSR ។ ក្លិបក៏ត្រូវបានអនុញ្ញាតឱ្យទាមទារមកវិញនូវការខាតបង់ដែលបានកើតឡើងក្នុងអំឡុងពេលពីររដូវកាលដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតCovid-19 ។
ក្លិបរកបានប្រាក់ចំនេញ៣០០,០០០ផោនក្នុងគណនី២០២១–២០២២ របស់ពួកគេ ដែលត្រូវបានជួយដោយការលក់ខ្សែបម្រើអង់គ្លេសJack Grealish ទៅ Manchester City ក្នុងតម្លៃ១០០លានផោន។ ក្លិបបានឃើញការកើនឡើងនៃប្រាក់ចំណូល២១៧.៧លានផោនក្នុងឆ្នាំ២០២២–២០២៣ កើនឡើងពី១៧៨.៤លានផោនកាលពីឆ្នាំមុន។
ពួកគេបានចំណាយប្រាក់៦៣.៧លានផោនលើកីឡាករថ្មីរួមទាំង Diego Carlos ពី Sevilla ក្នុងតម្លៃ២៦លានផោន និង Philippe Coutinho ពី Barcelona ក្នុងតម្លៃ១៧ លានផោនខណៈដែលរកបាន២២លានផោនពីការលក់កីឡាករ។ តម្លៃប្រាក់ឈ្នួលបានកើនឡើងពី១៣៧លានផោនដល់១៩៤.២លានផោន ហើយការរំលោះកិច្ចសន្យាកីឡាករក៏កើនឡើងពី១០លានផោនដល់៩២.២លានផោនផងដែរ។
ក្លិបក៏បានបណ្តេញអ្នកចាត់ការ Steven Gerrard ហើយជំនួសគាត់ដោយលោក Unai Emery ដែលបានជួយក្លឹបឱ្យបញ្ចប់ក្នុងលីគល្អបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ២០០៩–២០១០ និងបានជាប់ជម្រើសសម្រាប់ទ្វីបអឺរ៉ុបជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។
កាលពីរដូវក្តៅមុនក្លិបបានចុះហត្ថលេខាលើខ្សែបម្រើស្លាបបារាំង Moussa Diaby ពី Bayer Leverkusen ក្នុងតម្លៃ៥១លានផោន និងខ្សែការពារកណ្តាលអេស្ប៉ាញ Pau Torres ពី Villarreal ក្នុងតម្លៃ៣១.៥លានផោន ទោះបីជាតួលេខទាំងនោះនឹងត្រូវបានបញ្ចូលទៅក្នុងគណនីនៅឆ្នាំក្រោយក៏ដោយ។
បច្ចុប្បន្ន ពួកគេ ស្ថិត ក្នុង ចំណាត់ ថ្នាក់ លេខ ៤ ក្នុង ក្រប ខ័ណ្ឌ Premier League និង ស្ថិត ក្នុង ដំណើរ ទៅ កន្លែង មួយ ក្នុង ក្របខ័ណ្ឌ Champions League នៅ រដូវ កាល ក្រោយ ៕ (រូបភាព ៖ BBC Sport)