កីឡាករកីឡាការិនី ២៦០០នាក់ចូលរួមរត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី​ ៨មីនា

ចែករំលែក៖

​ ភ្នំពេញ​ ៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ បានអញ្ជើញផ្តល់កិត្តិយស ក្នុងក្នុងទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ នៅសួនច្បារវត្តបទុមវតី ព្រឹកថ្ងៃទី៨​ ខែមីនា​ ឆ្នាំ​២០២៤​ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីសរុប ២,៦០០ នាក់ ក្នុងនោះអត្តពលិកខ្មែរ ២,៣២៥ នាក់ និងអត្តពលិកអន្តរជាតិ ២៧៥ នាក់ ក្នុងនោះអត្តពលិកនារី ១,៤៤៦ នាក់។

​ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ថ្ងៃនេះ NOCC បានរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គ.ម ដើម្បីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ក៏ដូចជាជំរុញការចូលរួមលេងកីឡារបស់ស្ត្រី ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីតាមរយៈវិស័យកីឡា។
​ ប្រធាន NOCC សង្កត់ធ្ងន់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងនោះអត្តពលិកនារីកម្ពុជាតែងតែបង្ហាញនូវភាពអង់អាចរបស់ខ្លួនជាប្រចាំនៅលើឆាកកីឡាអន្តរជាតិ ជាមួយនឹងការទទួលបានជោគជ័យ និងមេដាយជាច្រើនជូនជាតិមាតុភូមិ។
​ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអំពាវនាវដល់យុវជន-យុវនារីទាំងអស់ចូលរួមលេងកីឡា និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ពីឧត្តមភាព ការគោរពគ្នា និងមិត្តភាព ក្នុងទិសដៅកសាងពិភពលោកដ៏ស្រស់បំព្រងតាមរយៈកីឡា។ សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀត ដើម្បីសកម្មភាពសប្បុរសធម៌៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print