ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះថា៖ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល និងស្រុកកំរៀង កាលពីម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០២លើកផ្សេងគ្នា ។
ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការទី០១, បានធ្វេីឡេីងនៅវេលាម៉ោង១៤ និង០០នាទីរសៀលថ្ងៃទី០៨ ខែមីនា កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចក្រុមទី១២ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១១នាក់ ។ អ្នកទាំង១១នាក់រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សម្ភារៈដកហូតបានរួមមាន ៖
-កម្រាលក្រាលអង្គុយ ចំនួន ០២
-ភួយទ្រាប់សំរាប់លេងចំនួន ០២
-បៀចំនួន ០២ ហ៊ូ ។
កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង១១ និង៤៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយក្រុមអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌី ស្រុកកំរៀង ក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់ ។ អ្នកទាំង០៧នាក់ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ។ សម្ភារៈដកហូតបានរួមមាន ៖
-បៀរចំនួន ០២ហ៊ូ
-ប្រាក់ខ្មែរចំនួន ១៦០០០៛
-ម៉ូតូចំនួន ០៥គ្រឿង ។
គួរបញ្ជាក់ថា ក្រោយប្រតិបត្តិការចប់ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១៨នាក់ខាងលើត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឲ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕អរុណរះ