ខេត្តស្វាយរៀង÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាតងារគណបក្សប្រជាជនកម្ពុជាគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា យោងតាមសេចក្តីសម្រេចលេខ ៨៣៧/១១២៣/សស.គក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវត្រៀមអនុវត្ត នូវភារកិច្ចមួយចំនួនបន្តទៀត ដើម្បីគណបក្សខេត្តស្វាយរៀង សម្រេចឲ្យបានតាមផែនការកំណត់របស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរចំពោះគណបក្សខេត្ត រដ្ឋបាលខេត្ត ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែលបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេស គណបក្សប្រជាជាជនកម្ពុជាបានទទួលបានការគាំទ្រ និងទទួលបានជោគជ័យក្នុង ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី ៧ និងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់ភូមិភាគ ៦ នីតិកាលទី៥៕