ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល បានបង្ហាញមុខបុរសពីរនាក់ ដែលខ្ចីម៉ូតូគេយកទៅដាក់បញ្ចាំ ជាសាធារណៈក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានឱ្យដឹងទៀតថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឃាត់ជនសង្ស័យចំនួន ០២នាក់ ករណីអំពើ រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅដាក់បញ្ចាំ) នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់នេះ ទី១-ឈ្មោះ មឿ សំណាង ហៅ ម៉ាប់ឈ្មោល ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាសេក សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងទី២-ឈ្មោះ លី ជីវ័ន ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ ចន្ថា ផាណែត ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ភូមិក្រាំងពញា ឃុំវាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ៖តារា