ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការរយៈពេល២ថ្ងៃ ចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំង ក្នុងក្រុងព្រះសីហនុ ដោយចាប់ខ្លួនមនុស្សជម្រុះជាតិសាសន៍ប្រមាណជិត ៥០០នាក់ ភាគច្រើនជាជនជាតិបរទេស។ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង លិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ។ ក្នុងប្រតិបត្តិការនេះដែរ គឺចាប់ផ្តើមរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១០ ខែមីនា។
ប្រតិបត្តិការទី១, បានធ្វេីឡេីងកាលពីថ្ងៃទី៩ ខែមីនា នៅចំណុចអតីតកាសុីណូ Paradise Island នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញជនបរទេស ១៧២ នាក់ (ស្រី៤៣នាក់), មាន ៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់ ៨នាក់(ស្រី២នាក់) និង ចិន១នាក់។
ក្រៅពីនេះអ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ជនជាតិចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និង ចិន១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។
ចំណែកទីតាំងទី២ នៅថ្ងៃទី១០ ខែមីនា ប្រតិបត្តិការបង្រ្កាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩ នាក់ (ស្រី២២៧នាក់) និង រកឃើញជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់, មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។
ដោយឡែកក្នុងប្រតិបត្តិការចប់ កាលពីថ្ងៃទី១០ មីនាម្សិលមិញនេះ ក្នុងសន្និសីទសារព័ត៌មាន អាជ្ញាធរកម្ពុជា បានប្រកាសថា ប្រតិបត្តិការនេះ គឺគោលបំណងលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។យោងតាមតុល្យការចុងក្រោយនៃវិធានការ អាជ្ញាធរកម្ពុជាបានបង្ក្រាបបទល្មើសល្បែងអនឡាញបានប្រមាណ៣០០០ទីតាំង និងរកឃើញមនុស្សប្រហែល១ម៉ឺននាក់៕ដោយ៖តារា