អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំក្រុមការងារធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យសន្ដិសុខ សុវត្ថិភាព តាមបណ្ដាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ​ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការផ្ទាល់លើការងារគ្រប់គ្រងសន្ដិសុខឯកជន បានរៀបចំក្រុមការងារដើម្បីចុះធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យប្រព័ន្ធសន្ដិសុខ សុវត្ថិភាព តាមបណ្ដាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្ដិសុខឯកជននៅទូទាំងប្រទេស។

នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៨ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានស្នើដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន មេត្តាផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារជំនាញ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយពង្រឹងការងារសន្តិសុខឯកជន និងការរៀបចំប្រព័ន្ធសន្តិសុខ សុវត្ថិភាពនៅតាមបណ្តាទីតាំង និងគោលដៅរបស់ក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថានឲ្យមានសន្តិសុខ សុវត្ថិភាពពេញលេញ។

លោកបានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជននេះ បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ដើម្បីឲ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ចក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈ និងសង្គមឲ្យបានល្អប្រសើរ។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារ
សន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង។

លោកប្រធាននាយកដ្ឋានបានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌនានា ដោយតម្រូវឲ្យមានកិច្ចសហការឲ្យបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ដើម្បីឲ្យមានសមត្ថភាពក្នុងការចូលរួមបង្ការបង្ក្រាប បទល្មើសតាមគោលដៅ យើងទាំងអស់គ្នាត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាល ឲ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ចនេះ។ នេះជាលើកទី៥៨ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។

...

នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួល បានចំណេះដឹងលើប្រធានបទសំខាន់ៗដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជនវិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print