ខេត្តកំពង់ធំ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកប្រតិភូអមដំណើរឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ លោក-លោកស្រី លោកអនុប្រធាន គណៈកម្មាធិការ ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន និងសមាជិក លេខាធិការដ្ឋាន ស.អ.ក ខេត្ត ប្រធាន-អនុប្រធាន គណៈកម្មាធិការ ក្រុង-ស្រុក ប្រធាន-អនុប្រធាន លេខាធិការដ្ឋាន ស.អ.ក ក្រុង -ស្រុក និងប្រធានសាខា ស.អ.ក ឃុំ-សង្កាត់ ប្រធានគណៈកម្មាធិការ ស.អ.ក. ក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
បន្ទាប់ពីប្រធានគណៈកម្មាធិការ ស.អ.ក. ខេត្ត បានអានរបាយការណ៍សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួចមកថ្លែងនាឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់សមាគមខេត្ត។ លោកក៏បានមានប្រសាសន៏លើកឡើងថា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មិនដែលភ្លេចនូវគុណូបការៈ ដែលបងប្អូនបានខិតខំនាពេលកន្លងមក គឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិលទាំងអស់ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។
លោកកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងដែរថា តាមរយៈការប្រជុំត្រួតពិនិត្យ យើងបានស្រង់ស្ថិតិទិន្នន័យរបស់អតីតយុទ្ធជនខេត្តកំពង់ធំ រកឃើញថា អតីតយុទ្ធជន គ្មានដី គ្មានផ្ទះ មានដី ខ្វះផ្ទះ និងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈមានប្រមាណ៦៥គ្រួសារ ហើយនៅពេលខាងមុខនេះសមាគម នឹងរៀបចំសាងសង់ផ្ទះ និងដីបង្ករបង្កើនផល ដែលជាអំណោយរបស់សម្តេចតេជោប្រធាន និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ប្រគល់ជូនពួកគាត់ជាបន្តបន្ទាប់ទៀត។ ដោយឡែកចំពោះប្រជាពលរដ្ឋជួបការលំបាកខ្វះខាតហើយបានទៅរស់នៅលើដីសម្បទានសង្គមកិច្ចរបស់អតីតយុទ្ធជន ចំនួន៧០គ្រួសារ បានយល់ព្រមប្រគល់ដីមកវិញ ជាមួយគ្នានោះផងដែរដោយយល់ពីទុកលំបាក សមាគមក៏បានបែកចែកជូនពួកគាត់បានរស់នៅជាមួយអតីតយុទ្ធជនផងដែរ។
លោកកិត្តិសង្គហបណ្ឌិត ក៏បានបន្តថា លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសន្យារកមូលនិធិសម្រាប់ជួយកសាងផ្ទះជូនដល់អតីតយុទ្ធជនក្រីក្រមុមុនគេបង្អស់ចាប់ពីឆ្នាំ២០២៤ ដល់២០២៨ដើម្បីជូនពួកគាត់បានរស់នៅ ។
ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តចុះត្រួតពិនិត្យ ស្រង់ស្ថិតិអតីតយុទ្ធជន ខ្វះដីខ្វះផ្ទះ មានដី ខ្វះផ្ទះ និងអតីតយុទ្ធជនកំពុងរស់នៅលើដីសាធារណៈ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបមុនគេ និងបន្តចុះតាមបណ្តាខេត្តទូទាំងប្រទេស ដើម្បីរកបច្ចុប្បន្នភាពអតីតយុទ្ធជនក្រីក្រពិតប្រាកដ សម្រាប់ធ្វើជារបាយការណ៍ជូនលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីដោះស្រាយបញ្ហាជូនដល់អតីតយុទ្ធជនយើង។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំសមាគម តាមបណ្តាខេត្តដ៏ទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន៕ដោយ៖តារា