ខេត្តតាកែវ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់ក្បែរភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានលួចបង្ហេីបប្រាប់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះថា៖ ពួកគាត់សង្កេតឃេីញទីតាំងឃ្លាំងលួចផលិតបារីខុសច្បាប់មួយកន្លែងយីហោ” អិលខេហ្សិតអេចអេសធី ( LKZ HST STORE )” ស្ថិតនៅក្នុងភូមិរបស់ពួកគាត់កំពុងលួចបេីកដំណើរការផលិតបារីយ៉ាងសកម្ម ដោយមិនទាន់ឃេីញមានអាជ្ញាធរ ឫមន្រ្តីជំនាញណាចុះបង្រ្កាបនោះទេ?
សេចក្ដីរាយការណ៍ដដែលបន្តថា ឈ្មួញដែលជាម្ចាស់ឃ្លាំងលួចផលិតបារីខុសច្បាប់នេះ គឺជាថៅកែជនជាតិចិន បច្ចុប្បន្នឃេីញក្រុមឈ្មួញទាំងនោះកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ប្រជាពលរដ្ឋខ្សឹបថា ទីតាំងផលិតបារីខាងលើនេះ ឃេីញមានរថយន្តប្រភេទទូរឃ្លុប ក៏ដូចជារថយន្តទ្រង់ចេញចូលៗជារៀងរាល់ថ្ងៃ រួចហើយរថយន្តទាំងនោះ ក៏បានធ្វេីដំណេីរឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្តតាកែវ ទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពដដែលបន្តថា មិនតែប៉ុណ្ណោះទីតាំងផលិតបារីនេះ មានការយាមកាមយ៉ាងម៉ត់ចត់តឹងរ៉ឹងពីក្រុមសន្តិសុខ ដោយមិនអនុញ្ញាតឱ្យមានប្រជាពលរដ្ឋណាម្នាក់ចេញ,ចូលដើរក្បែរនោះឡេីយ។
ជុំវិញករណីនេះដែរ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានធ្វេីការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដេីម្បីសាកសួរព័ត៌មានលម្អិតតាមរយៈប្រព័ន្ធតេឡេក្រាមផ្លូវការរបស់លោក ប៉ុន្តែលោកមេីលហេីយ មិនមានការឆ្លេីយតប។
ដោយឡែកលោក អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ អង្គភាពយេីង បានទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាមទៅលោកចូលមេីល ប៉ុន្តែ មិនមានការឆ្លេីយតប។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសគឺលោក អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ មេត្តាជ្រាបជាព័ត៍មាន នឹងមានវិធានការក៏ដូចជាចាត់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមេីលទីតាំងខាងលេីនេះជាក់ស្ដែងផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ អង្គភាពយេីងរង់ចាំការបំភ្លឺបកស្រាយរបស់អាជ្ញាធរមូលដ្ឋាន ប្រសិនបើចង់ឆ្លើយតបជាមួយអង្គភាព៕ដោយ៖តារា