សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹក ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន បើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជាប្រធានអង្គប្រជុំ។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពី ការបង្កើតអង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធន ផលផល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជលផលសមុទ្រក្នុងកម្រិតសកល តំបន់ និងរដ្ឋសមាជិកនីមួយៗ តាមរយៈការហាមឃាត់ ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទសមុទ្រ ដែលជាកត្តាចម្បងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកផលផលសមុទ្រនៃសកលលោក។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖

– បង្ហាញឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ

– ចូលរួមលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ និងទប់ស្កាត់ការ នេសាទហួសកម្រិត ស្របតាមគោលនយោបាយនៃការគ្រប់គ្រងជលផលសមុទ្រនៃព្រះរាជា ណាចក្រកម្ពុជាប្រកបដោយនិរន្តរភាព

– ពង្រឹងការថែរក្សា ការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព

– ចូលរួមអនុវត្ត និងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងសូចនាករ១៤,៦ របស់អង្គការសហប្រជាជាតិ

– អាចទទួលបានជំនួយបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងនិង អភិរក្សធនធានជលផលសមុទ្រ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកការពារ សេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង មូលដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសណ្តាប់ធ្នាប់ ធានា សុវត្ថិភាព សន្តិសុខ នៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនា សម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួត ប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សេចក្តីព្រាងច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ សម្រាប់ព្រះរាជាណាចក្រកម្ពុជាដូច ខាងក្រោម៖

១- ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែក ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។

២- ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវា ដែលធ្វើនាវាចរណ៍ នៅក្នុង និងក្រៅប្រទេស។

៣-ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាអាទិ៍៖ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្មនាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួសជុលនាវា ការសាងសង់ និងធ្វើ ប្រតិបត្តិការឋបនីយភណ្ឌផែ ការបង្កើតនិងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។

៤-ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុក នៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បី រួមចំណែកកាត់បន្ថយចំណាយរដ្ឋក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

៥- ជំរុញឱ្យមានការតភ្ជាប់ ការដឹកជញ្ជូនពហុមធ្យោបាយ ដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្ម កម្ពុជា ឆ្នាំ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាល។

៦- ចូលរួមចំណែកបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកនៃអង្គការ អន្តរជាតិលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៨ជំពូក ២៧៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជូនអង្គប្រជុំ ព្រឹទ្ធសភា ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង មូលដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print