គណ:ប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ គណ:ប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ​ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណ:ប្រតិភូ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តម ចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវជាឧត្ដមស្វាមីរបស់​ លោកជំទាវ ប៉ែន សារី បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ឯកឧត្តម នេត្រ ភក្រ្តា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ​ លោកជំទាវ ប៉ែន​ សារី​ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។​ មរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប​ មានវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍជាតិមាតុភូមិគ្រប់កាលៈទេសៈ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។

សពរបស់​ ឯកឧត្តម ចាន់ វ៉ែន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបថា សព​ ឯកឧត្តម ចាន់ វ៉ែន នឹងត្រូវដង្ហែយកបូជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៧:០០នាទីព្រឹក ឆ្ពោះទៅវត្តស្លាកែត ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print