ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ខណៈកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២៩គ្រឿង, រថយន្តធំ ៥៦គ្រឿង, រថយន្តតូច ១៧២គ្រឿង និងម៉ូតូ ៣០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩៧គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ៨៧គ្រឿង និងម៉ូតូចំនួន ២០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១២ថ្ងៃ ពីថ្ងៃទី១-១២ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៩២៣គ្រឿង រថយន្តធំ ២៣៥គ្រឿង រថយន្តតូច ១,៥៣០គ្រឿង ម៉ូតូ ៤,១៥៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៦០៩គ្រឿង, រថយន្តធំ ៧៥គ្រឿង, រថយន្តតូច ៩៦៦គ្រឿង និងម៉ូតូ ៣,៥៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា