លោកឃួង ស្រេង មន្ត្រីរាជការនៅខណ្ឌទាំង១៤និងកងកម្លាំងទាំងអស់និងត្រូវពិនិត្យរកសារធាតុញៀននៅក្នុងខ្លួន នាពេលខាងមុខនេះ ដើម្បីអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីរាជការដែលបម្រើការងារនៅតាមខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់និងត្រូវពិនិត្យរកសារធាតុញៀននៅក្នុងខ្លួន នាពេលខាងមុខនេះ ដើម្បីអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រី ណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវ បណ្តេញ ចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង នោះ។
នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖សម្រាប់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង៥០០នាក់ ក្រោយការពិនិត្យរកសារធាតុញៀន គឺមិនមានមន្ត្រីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួននោះទេ មានន័យថា ល្អ១០០%។យើងនឹងធ្វើការពិនិត្យ មន្ត្រីរាជការនៅតាមបណ្ដាខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យ រដ្ឋបាល រាជធានីភ្នំពេញបន្តទៀត ដើម្បីអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី។ជាមួយគ្នានេះដែរការត្រួតពិនិត្យក្លឹបកំសាន្តនានានៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវតែធ្វើដោយភាពម៉ឺងម៉ាត់ផងដែរ ដើម្បីបញ្ជាក់ថា នៅតាមក្លឹបកំសាន្តទាំងអស់នោះ គឺមិនមានការជួញដូរ និងសេព គ្រឿងញៀនឡើយ។
លោកឃួង ស្រេង. បានបន្តទៀតថា៖ ពាក់ព័ន្ធនឹងការងារសន្តិសុខ រដ្ឋបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ផងដែរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយនៅប៉ុន្មានខែខាងមុខនេះនឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដូច្នេះទេ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងយកចិត្តទុកដាក់ការពារសន្តិសុខ ដើម្បីអោយដំណើរការបោះឆ្នោតនេះទទួលបានជោគជ័យ។
លោកម៉ប់ សារិន ក្នុងឱកាសនោះបាន កោតសរសើរចំពោះ ការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបានគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងលុបបំបាត់ល្បែងផ្សងសំណាងគ្រប់ប្រភេទដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងអបអរសាទរ។
លោកម៉ប់ សារិន ក៏បានសសើរចំពោះ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត,គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានរៀបចំ និងចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ ធ្វើឱ្យដំណើរការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន គ្មាន អំពើហឹង្សា ការគំរាមគំហែង និងសុវត្ថិភាពទាំងស្រុង តាំងពីមុនពេលយុទ្ធនាការឃោសនា, ក្នុងពេលយុទ្ធនា ឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយទទួលបានជោគជ័យនិងសូមកោតសសើរសមត្ថកិច្ចពាក់ព័ន្ធបានខិតខំអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់អគ្គិភ័យនៅតាម មូលដ្ឋានដែលមានប្រជាពលរដ្ឋចូលរួមចំនួន៧.៣៣១នាក់ ធ្វើឱ្យគ្រោះថ្នាក់អគ្គិភ័យមានការថយចុះចំនួន០៦លើក៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print