ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សមិទ្ធផល ២កន្លែងធំជាងគេ ជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ សែន នៅខេត្តកណ្តាល និងសមិទ្ធផលបន្ទាប់ គឺផ្លូវទឹក ជាគម្រោងព្រែកជីកហ្វូណន មានតភ្ជាប់មកកោះធំតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ខេត្តកណ្តាលពិតជាមានផ្ទៃដីធំ អំណោយផលដល់ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវអាកាស និងវិស័យសុខាភិបាល ទាំងអស់នេះ គឺជាសមិទ្ធផលដ៏ធំ ហើយដរាបណាប្រជាពលគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា នៅបម្រើដាក់គោលនយោបាយបម្រើប្រជាពលរដ្ឋ នោះរាជរដ្ឋាភិបាលនឹងខិតខំបង្កើននូវសមិទ្ធផលថ្មីៗជាកម្រិតប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសបន្ថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជឿទុកចិត្តលើគណបក្សកាន់អំណាច ពោលគឺគណបក្សប្រជាជនកម្ពុជា (CPP) ដោយអះអាងពីការប្តេជ្ញាចិត្តរបស់គណបក្ស ចំពោះការទទួលខុសត្រូវ សម្តេចបានគូសបញ្ជាក់ថាការបន្តទុកចិត្តលើគណបក្ស នឹងនាំឱ្យមានការរីកចម្រើនបន្ថែមទៀត។
ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃសកម្មភាពជាក់ស្តែង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការប្រែក្លាយគោលនយោបាយទៅជាសកម្មភាពបម្រើផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ ដោយឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់គណបក្សក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ជាងនេះទៅទៀត សម្តេចបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបំពេញនូវតម្រូវការទាំងនេះ ដើម្បីភាពប្រសើរឡើងនៃសង្គម ៕