ភ្នំពេញ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងស្តង់ពិព័រណ៍នានាក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤” និងកម្មវិធី “ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ”។ នៅក្នុងកម្មវិធី “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា- អន្តរជាតិ” ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមតាំងបង្ហាញនៅសមិទ្ធផលវិស័យអប់រំ រួមមាន៖
១- ថ្នាលអប់រំ សាលាឌីជីផល sala.moeys.gov.kh បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថលឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី ឥតគិតថ្លៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីឱ្យធនធានឌីជីថលជាភាសាជាតិមានភាពសម្បូរបែបលើបណ្តាញអ៊ីនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និងស្វ័យសិក្សារបស់ សិស្ស និសិ្សត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត។
២- កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) beep.moeys.gov.kh កម្មវិធីនេះនឹងជួយឲ្យយុវជនកម្ពុជាបញ្ចប់ការអប់រំមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធពីរបញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។ ការបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈកម្មវិធីនេះនឹងជួយពួកគេឲ្យរកការងារបានប្រសើរជាង ឬក៏ទទួលបានការអប់រំបន្តទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ និងបំណិនជីវិត។
៣- ថ្នាលអភិវឌ្ឍសមត្ថភាព cdp.moeys.gov.kh ត្រូវបានបង្កើតឡើងដើម្បីជម្រុញសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំរបស់គ្រូបង្រៀន និងបុគ្គលិកអប់រំនៅកម្ពុជា មានភាពបត់បែនទៅតាមប្រភេទឧបករណ៍ ផ្តល់នូវវគ្គសិក្សាសម្រាប់បុគ្គលិកអប់រំ ការវាយតម្លៃ នឹងទទួលស្គាល់ដោយ CPDMO។
៤- កម្មវិធីស្វ័យសិក្សា MoEYS E-Learning បានរួមចំណែកសសម្រាប់ការអប់រំប្រកបដោយ គុណភាព សមធម៌ បរិយាបន្ន និងសិក្សាពេញមួយជីវិត ឆ្ពោះទៅកាន់យុគសម័យឌីជីថល ដែលមានមុខងារសំខាន់ៗ ដូចជា បណ្តុំវីដេអូសិក្សា បណ្ណាល័យ ការធ្វើតេស្តសាកល្បងសមត្ថភាព និងការទទួលបានព័ត៌មានទាក់ទងវិស័យអប់រំ យុវជន និងកីឡា។
៥- SIS MoEYS App (ប្រព័ន្ធគ្រប់គ្រងសាលារៀនបែបឌីជីថល) ដែលជួយសម្រួលការគ្រប់គ្រងសាលារៀន និង ការបង្រៀនបានយ៉ាងច្រើនដូចជា សម្រួលការគ្រប់គ្រងរដ្ឋបាលក្នុងសាលារៀន សម្រួលកិច្ចការសម្រាប់គ្រូបង្រៀន ការគ្រប់គ្រងទិន្នន័យសិស្សជួយអាណាព្យាបាលងាយស្រួលតាមដានការសិក្សារបស់កូនតាមបែបឌីជីថល។
៦- ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) គឺជាឧបករណ៍មួយក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល។ ប្រព័ន្ធនេះ គ្របដណ្តប់ទាំងការរៀបចំថវិកា ការអនុវត្តថវិកា គណនេយ្យ របាយការណ៍ ការត្រួតពិនិត្យ និងការធ្វើសវនកម្មនៅក្នុងប្រព័ន្ធ។
៧- ស្ថិតិ និងសូចនាករអប់រំសាលារៀនសាធារណៈ និងឯកជនរួមមាន ចំនួនសាលារៀន ចំនួនអាគារសិក្សាចំនួនថ្នាក់រៀន បន្ទប់រៀន ចំនួនសិស្ស ចំនួនបុគ្គលិកបង្រៀន និងមិនបង្រៀន អត្រាចូលរៀន អត្រាលំហូរ អត្រាបញ្ចប់ការសិក្សា និងទិន្នន័យផ្សេងៗទៀត ត្រូវបានបង្ហាញក្នុងសៀវភៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្តទាំង២៥ ថ្នាក់កម្រងសាលារៀន និងបណ្ណផ្នត់ ដើម្បីជាប្រយោជន៍ធ្វើផែនការអភិវឌ្ឍសាលារៀន។
៨- ឧបករណ៍ផ្ដល់ប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិច «ត្រីវិស័យ» គឺជាកម្មវិធីទូរស័ព្ទដៃឆ្លាតវៃថ្មីមួយ បង្កើតឡើងដើម្បីគាំទ្រដល់សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ដល់ទី១២ ក្នុងការធ្វើស្វ័យវាយតម្លៃអំពីជម្រើសមុខរបរ អាជីព ការសិក្សា និងព័ត៌មានគ្រឹះស្ថានសិក្សាផ្ដល់ការអប់រំបណ្ដុះបណ្ដាល ព្រមទាំងការស្វែងយល់បន្ថែមពីអាជីពមួយចំនួនតាមរយៈទំព័រវីដេអូមុខរបរ ដែលទាំងនេះជាទុនបម្រុងមួយជួយសិស្សានុសិស្សឱ្យមានមូលដ្ឋានក្នុងការរៀបចំផែនការសិក្សា និងអាជីពនាពេលអនាគត។
កម្មវិធី “ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” រៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធីការរដ្ឋាភិបាលឌីជីថល មានការគាំទ្រក្នុងការរៀបចំដោយក្រសួង ស្ថានប័នរដ្ឋចំនួន ៣៥ ស្ថាប័ន និងដៃគូរប្រតិបត្តិការ ស្ថាប័នឯកជនចំនួន ២៩ ស្ថាប័ន៕