ក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនចំនួន២៦នាក់ត្រូវកម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្រុមក្មេងទំនើង២៦នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, និងសម្ភារ:មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាបករណីខាងលើនេះ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្តស៊ឺរ៉ែនចំនួន៥គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ (ប្រុសទាំងឣស់)។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំនិងធ្វើតេស្តរកសារធាតុញៀនក្នុងទឺកនោមឃើញថាឣវិជ្ជមានចំនួន០៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំនិងធ្វើកិច្ចសន្យា ដើម្បឱ្យឪពុក ម្ដាយធ្វើលិខិតធានាឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកក្មេងទំនើងដែលមានសារធាតុញៀនត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីឣនុវត្តតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print