ក្រុមអ្នកនាំពាក្យសម្តេចនាយករដ្ឋមន្រ្តីបង្ហាញលទ្ធផលជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមអ្នកនាំពាក្យសម្តេចនាយករដ្ឋមន្រ្តី បានចេញសេចក្តីប្រកាស បង្ហាញពីលទ្ធផលរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា ជាមួយលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេស​ជប៉ុន នៅវិមានសន្តិភាព។

នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួង ការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ថាជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេល កន្លងមក លើវិស័យជាច្រើនដូចជា៖ វិស័យពាណិជ្ជកម្មនិងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុងដំណើរ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ពាក់ព័ន្ធស្ដីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោង អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរព្រៃគុក ដោយឯកឧត្តមបាន លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិគំរូមួយលើវិស័យអភិរក្ស និងការពារ បេតិកភណ្ឌវប្បធម៌ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០២៣។ សម្តេចធិបតី បានគូសបញ្ជាក់ជូន លោកអនុរដ្ឋមន្ត្រី ផងដែរថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាជាដើម។ ក្នុង ក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងការដំឡើងកម្រិតនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នាមួយ ចំនួន ដូចជាទស្សនកិច្ចកងនាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ព្រមទាំងការធ្វើលំហាត់រួមគ្នាផងដែរ។ ជាង នេះទៅទៀត សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយក្នុងការចូលរួមថែរក្សា និងអភិរក្សបេតិកភណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បានកត់សម្គាល់ពីភាពរីកចម្រើននៃយន្តការនេះ ដោយបានពង្រីកដល់ការអភិរក្សនៅតំបន់ប្រាសាទសំបូរព្រៃគុក និង ការបន្តសុពលភាពនៃយន្តការនេះរយៈពេល ១០ ឆ្នាំបន្ថែមទៀតផងដែរ។ មុននឹងបញ្ចប់ សម្តេចធិបតី និង ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការបន្តនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិដើម្បីរួមចំណែកក្នុង ការគាំពារដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឱ្យ លោក កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើ មាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print