ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញបិទសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ន រាជធានីខេត្ត មានចំនួនប្រមាណ៣៥០នាក់ ដែលរៀបចំរយៈពេល១ថ្ងៃពេញ។
មានប្រសាសន៍ក្នុងឱកាសពិធីបិទសិក្ខាសាលានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ លោកបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ ស្របតាមយុគសម័យបច្ចេកវិទ្យាឌីជីថល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តែងតែងសង្កត់ធ្ងន់អំពីតម្រូវការក្នុងការរៀបចំបង្កើត និងពង្រឹងនូវយន្តការព័ត៌មានស្នូលនៅតាមបណ្តាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យយន្តការនេះមានលក្ខណៈអចិន្ត្រៃយ៍ ដែលធ្វើឱ្យការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ក្លាយជាស្នូលនៃចលនាជាតិមួយ ក្នុងកិច្ចការព័ត៌មាននិងសាធារណមតិ ជាពិសេសការអនុវត្តនូវអភិក្រមប្រតិកម្ម និងបុរេសកម្មដោយភាពម្ចាស់ការ និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត។
លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ ព្រោះព័ត៌មានក្លែងក្លាយ បានបង្កចលាចលសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
យោងតាមរបាយការណ៍បូកសរុបដំណើរការសិក្ខាសាលាដែលឡើងថ្លែងដោយ លោក ទេព អស្នារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) បានឱ្យថា សិក្ខាសាលានេះ អាចកើតឡើងបាន ក្រោមការផ្តួចផ្តើម និងដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ព្រមទាំងថ្នាក់ដឹកនាំនៃគ.ស.ព.ស. ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយគោលបំណងសំខាន់បំផុតនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីក្រើនរំលឹកដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ ផ្តោតការចាប់អារម្មណ៍លើការវិវត្តថ្មីនៃបច្ចេកវិទ្យា AI ក៏ដូចជាយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួនដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។ សិក្ខាសាលានេះដែរ ក៏មានគោលបំណងជួយពង្រឹងស្មារតី និងលើកកម្ពស់ការយកចិត្តទុកដាក់និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត របស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺចូលរួមថែរក្សាការពារសន្តិភាពដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ចជាតិ។
គួរកត់សម្គាល់ថា សិក្ខាកាមទាំងអស់ បានស្តាប់ដោយយកចិត្តទុកដាក់នូវ សុន្ទរកថា និងបទបង្ហាញ ប្រកបដោយខ្លឹមសារ ដែលជាធាតុចូលយ៉ាងសំខាន់ក្នុងការផ្តល់ជាចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីគាំទ្រដល់ការងារប្រចាំថ្ងៃរបស់ខ្លួន។ វាគ្មិនទាំងអស់នៃអង្គសិក្ខាសាលា បានផ្តល់នូវធាតុចូលដ៏មានសារៈសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងការងារព័ត៌មាន និងសាធារណមតិ និងបានចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនជូនសិក្ខាកាមដែលបានអញ្ជើញមកពីក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក សម្រាប់ពង្រឹងក្រុមការងាររបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចជាក់ស្តែងឱ្យសម្រេចបាននូវជោគជ័យ និងមានប្រសិទ្ធភាព៕