ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ លោកស្រី សាយ ស្រីលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនបរទេស២នាក់១.ឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស អាយុ៤១ឆ្នាំជនជាតិទ្រីនីដាត និងតូបាហ្គោ ២.ឈ្មោះ ARTHAN THATSANEE ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៦០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។
ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយវរសេនិយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ (នាយករង) សហការជាមួយកម្លាំងអង្គភាពគយ និងកម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការដឹកនាំ សម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងសាលាដំបូងភ្នំពេញ បានឃាត់ឆែកឆេរអ្នកដំណើរ និងវ៉ាលី ដែលសង្ស័យ ដោយចេញដំណើរពីប្រទេសប្រេស៊ីល ទីក្រុងសៅប៉ូឡូ កាត់ឌុយបៃ- ម៉ាឡេស៊ី មកភ្នំពេញកម្ពុជា ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់ (ស្រី១នាក់)។
ជនសង្ស័យទាំង២មានឈ្មោះ KNIGTHS JOEL ISIAH ភេទប្រុស ជនជាតិទ្រីនីដាត និងតូបាហ្គោ ដែលជាម្ចាស់វ៉ាលីស និងជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីប្រេស៊ីលមកកម្ពុជា និងឈ្មោះ ARTHAN THATSANEE ភេទស្រី ជនជាតិថៃ ដែលជាអ្នកទទួលយកគ្រឿង ញៀន និងដឹកជញ្ជូនបន្តទៅប្រទេសថៃ។ ចំពោះវត្ថុតាងដែលចាប់យកបានមាន គ្រឿងញៀនប្រភេទកូកាអ៊ីន សរុប១៥៩៤.៣៨ក្រាម (១គីឡូ ៥៩៤.៣៨ក្រាម)៕ដោយ រ៉ារ៉ា