ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងឆាប់រហ័សពិសេសមិនយកកម្រៃសេវា ពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់ឡើយ។
ការអំពាវនាវបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុករមាសហែកដោយមានការចូលរួមពីសំណាក់ លោកលោកស្រីអភិបាលរងស្រុក លោកអធិការ នគរបាលស្រុក លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក លោក នាយករដ្ឋបាល លោកស្រីប្រធាន ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុករមាសហែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ លោក អភិបាលស្រុក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងស្រុក ទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងស្រុក បានល្អប្រសើ។
លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងស្រុក បានល្អប្រសើរបន្ថែមទៀត។
អាជ្ញាធរក្នុងឃុំទាំង១៦ ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។
ត្រូវពង្រឹង និងតាមដានអំពីព័ត៌មាននៅតាមបណ្តាញសង្គមដែលកើតមានឡើងនូវក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវមានប្រតិកម្មឆ្លើយតបដោយភាពត្រឹមត្រូវចំពោះព័ត៌មានណាដែលផ្សាយមិនពិត ក្នុងនោះត្រូវទទួលយកនូវព័ត៌មានណាដែលរិះគន់ក្នុងន័យស្ថាបនា។
អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងបញ្ហារ ល្បែងស៊ីសង ដែលជាអំពើរខុសច្បាប់ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់។
បន្ត ចុះផ្សព្វផ្សាយការងារយេនឌ័រ និងការងារអត្រានុកូលដ្ឋានគ្រប់ប្រភេទចុះផ្សព្វផ្សាយសុខភាពអនាម័យ និងការផ្លាស់ប្តូរការប្រព្រឹត្ត ត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៧យ៉ាង ឱ្យមានប្រសិទ្ធភាពពិសេសបន្តជំរុញរៀបចំវេទិកា
សាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹងចលនាប្រជាការពារឱ្យមានដំណើរការ ល្អព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ ខិតខំជំរុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍ស្រុក កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក។
អង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ និងទឹកជំនន់ផងដែរ៕