ខេត្តក្រចេះ៖ ក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានការចូលរួមពីមន្ទីរកិច្ចការនារីចំនួន០៩ គឺ ខេត្តក្រចេះ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង សរុបចំនួន៤២នាក់ នៅខេត្តក្រចេះ។
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងស្វាគមន៍និងរាយការណ៍ជូនពីកិច្ចខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានខេត្តក្រចេះដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋខេត្តទន្លេឥសាន្តមួយនេះ។
លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការបានប្រាប់ឱ្យដឹងពីគោលបំណងវគ្គពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងអំពីទិដ្ឋភាពទូទៅ និងផលប៉ះពាល់នៃគ្រឿងញៀន ក៏ដូចជាតួនាទីដ៏សំខាន់របស់ស្ត្រីជាម្តាយក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍រួមទាំងពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ពិសេសលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងវគ្គបណ្តុះបណ្តាលនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណដល់ក្រសួង មន្ទីរទាំង៩ខេត្ត និងអ្នកពាក់ព័ន្ធក្របខណ្ឌកិច្ចការនារីទាំងអស់ពិសេសក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកនិងយល់ច្បាស់ពីតួនាទីរបស់ស្រ្តីក្នុងភាពជាជីដូន មាតា បងស្រី ដែលអាចចូលរួមបង្ការទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារក៏ដូចជាសហគមន៍ និងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជា ០១បប របស់ាជរដ្ឋាភិបាល “សម្អាតចកពីបឹង”។
ថ្លែងក្នុងនាម លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្នុងវគ្គបណ្តុះបណ្តាលនោះដែរ លោកស្រី ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ពីភាពចាំបាច់នៃការចូលរួមរបស់នារីក្នុងភាពជាម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រោះនារីមានឥទ្ធិពល ជិតស្និទ នៅជាប់ជាមួយក្រុមគ្រួសាររាល់សំដីរាល់សំដីផ្តល់ការទូន្មានរបស់នារីគឺមានប្រសិទ្ធភាព សូមចូលរួមទាំងអស់គ្នាទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន តាមរយះការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍ដើម្បីងាយស្រួលដោះស្រាយទាន់ពេលធ្វើឱ្យសង្គមយើង សហគមន៍យើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងរីកចម្រើន ។
ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:បានប្រាប់ឱ្យដឹងថាសិក្ខាកាមទាំងអស់ពិតជាទទួលបានចំណេះដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន តួនាទីរបស់មាតាបិតា ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការចូលរួមមាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមរយ:លទ្ធផលតេស្តមុន និងក្រោយការបណ្តុះបណ្តាល៕ដោយ៖តារា