ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ការលើកទឹកចិត្ដ និងអរគុណ ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ នារយៈពេល២០ថ្ងៃកន្លងមកនេះ។
លោក ឃួង ស្រេង បានផ្ដល់ការលើកទឹកចិត្ដបែបនេះ ខណៈលោកសំណេះសំណាលជាមួយកងពលតូចលេខ៧០ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំមូសក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំ ។
លោក ឃួង ស្រេង. បានមានប្រសាសន៍លើកឡើង
ថា កងពលតូចលេខ៧០ តែងជួយរដ្ឋបាលរាជធានីភ្នំពេញ គ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំមូសបង្ការជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ សកម្មភាពទាំងនេះ យើងក៏នឹកឃើញ មិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាល នៃការរីករាតត្បាតជំងឺ កូវីដ-១៩ ដោយកម្លាំង កងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ។ជាមួយនឹងការបាញ់ថ្នាំបង្ការការពារជំងឺcovid- 19 ថែមទៀត។ ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត កម្លាំងព្រមទាំង ម៉ាស៊ីនសម្រាប់បាញ់មូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំមូសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតទទួលបានបញ្ចប់ដោយជោគជ័យ។
លោក ឃួង ស្រេង បានបន្តថា ក្រោយយុទ្ធនាការដែលប្រើប្រាស់រយៈពេល២០ថ្ងៃនៃការបាញ់ថ្នាំមូសនេះឃើញថា ជំងឺគ្រុនឈាម បានថយចុះច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការត្រេកអរនិងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អាជ្ញាធររាជធានីភ្នំពេញនិង កងកម្លាំងកងពល តូចលេខ៧០ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្តដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖យុទ្ធនានៃការបាញ់ថ្នាំមូសនេះ ក៏ដូចជាការដាស់តឿនក្រើនរំលឹក ឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន អោយចេះបង្ការខ្លួន ដើម្បីគិតឱ្យរួចផុតពីជំងឺគ្រុនឈាមនេះផងដែរ។
ចំពោះកងពលតូចលេខ៧០ ដែលចុះយុទ្ធនានៃការបាញ់ថ្នាំមូសនេះ ចំនួន២៨នាក់ ត្រូវបានលោកឃួង ស្រេង នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកប្រគល់ជូនដោយ ក្នុងម្នាក់ៗទទួលថវិកាចំនួន៤០ម៉ឺនរៀល។
សូមបញ្ជាក់ថា៖ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាមនៅទូទាំង១០៥សង្កាត់ កាលពីថ្ងៃ២៣កុម្ភៈ ហើយបានបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី១២ មីនា ២០២៤នេះ តាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើ សុខមាលភាពប្រជាពលរដ្ឋ៕ ដោយ . សំរិត