ខេត្តសៀមរាប៖ សកម្មភាពនៃការគ្រងឈុតអប្សរា បានក្លាយជាទៅជាបេសកកម្មធ្វើឲ្យ ពិភពលោកក្រឡេកមកម្ពុជាហើយនៅពេលនេះក្រោយពីម្ចាស់មកុដកំពូលសម្រស់មកពីជុំវិញពិភពលោកនៃកម្មវិធី Universal Women 2024 បានមកប្រមូលផ្តុំគ្នានៅលើកទឹកដីដ៏អច្ឆរិយរបស់កម្ពុជា គឺខេត្តសៀមរាបតែម្តង។ ការជួបជុំដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបានបញ្ចប់ត្រឹមនេះឡើយពោលគឺអ្នកគ្រប់គ្រងកម្មវិធីនៅកម្ពុជាអ្នកនាង ប្រាសាទដាវីន បានប្រឹងប្រែងក្នុងការប្រមូលផ្តុំអ្នកជំនាញក្នុងការតុបតែងឈុតអប្សរាដើម្បីរៀបចំតុបតែងខ្លួនស្ត្រីជើងខ្លាំងកំពូលសម្រស់ទាំងអស់តែងម្តងក្នុងទម្រង់សម្លៀកបំពាក់អប្សរា និងផ្តិតយកទិដ្ឋភាពដោយផ្ទាល់ក្នុងបរិវេនប្រាសាទបុរាណខ្មែរលើទឹកដីនៃខេត្តសៀមរាប ដែលនេះគឺជាមេសកម្មភាពដ៏ធំធេញប្រកបដោយមោទ ដែលគេដឹងដែរថា ជាការចូលរួមចំណែកយ៉ាងធំធេញក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរទៅកាន់ពិភពលោក ។
ទាំងនេះត្រូវបានគេចាត់ទុកបានថាជា សកម្មភាពលើកដំបូងមិនធ្លាប់មាននេះក៏ជាការបើកទំព័រប្រវត្តិសាស្ត្រដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រគួតកម្មវិធីសម្រស់អន្តរជាតិនេះផងដែរ។ ក្រុមការងារ និងអ្នកផលិតកម្មវិធីបានខ្នះខ្នែងដុតដៃជើងជាច្រើនខែកន្លងមកហើយពោលគឺចាប់តាំងពីទទួលបានការប្រកាសជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីអន្តរជាតិនេះ។ មិននិយាយច្រើនប៉ុន្តែការធ្វើចេញជាលទ្ធផលនេះបានបង្កើតឲ្យមានការកោតសរសើរពីសមត្ថភាព គំនិតច្នៃប្រឌិតរបស់អ្នកនាងប្រាសាទដាវីន ដែលកន្លងទៅធ្លាប់រំលេចមុខមាត់ជាតិលើឆាកអន្តរជាតិ ហើយឆ្នាំនេះនាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាថ្មីក្នុងការដឹកនាំក្រុមការងារផលិតកម្មវិធី និងដឹកនាំកញ្ញាឯកច្រើនជាង៦០ប្រទេសមកទស្សនកិច្ចនិងធ្វើរឿងធំខាងលើផងដែរ។ មានការចែករំលែកព្រោងព្រាតពីសកម្មភាពរបស់ពួកគាត់ដែលជាការលើកទឹកចិត្តទៅកាន់ការខិតខំប្រឹងប្រែងមិនខ្លាចការនឿយហត់ ខណៈដែលសកម្មភាពនេះបានជះឥទ្ធិពលដោយផ្ទាល់និងប្រយោលទៅកាន់វិស័យទេសចរណ៍នោះតែម្តង។ នេះក៏ចាត់ទុកបានថាជាការបង្ហាញអត្តសញ្ញណជាតិ និងភាពជាម្ចាស់នៃសិល្បៈវប្បធម៌ពិសេសទម្រង់សម្លៀកបំពាក់អប្សរាផងដែរ។ កម្មវិធីទទួលបដិសណ្ឋារកិច្ចចាប់តាំងពីថ្ងៃទី១៣ ខែមីនានេះមករហូតដល់ថ្ងៃទី១៤ ខែមីនានៃការធ្វើដំណើរមកដល់របស់បេក្ខភាពមកពីជុំវិញពិភពលោកមុនពេលការធ្វើដំណើរមកាន់រាជធានីភ្នំពេញរាជធានីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមការប្រគួតជាផ្លូវការ និងមុនពេលចេញដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រនិងកោះស្រស់ត្រកាលរបស់កម្ពុជាផងដែរ។ ចំណេញទាំងមុខមាត់ បានទាំងការចូលរួមចំណែកជួយផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌ប្រពៃណីខ្មែរ និងបានបង្ហាញពីភាពរីកចម្រើនក្នុងវិស័យប្រគួតសម្រស់នៅកម្ពុជាផងដែរ។ ទស្សនិកជនក៏ទន្ទឹងរងចាំការប្រគួតផ្លូវការបានមកដល់ក្នុងពេលឆាប់ៗនេះ៕
ដោយ វឌ្ឍនា