សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ CDC រយៈពេល ៦ខែបានចុះបញ្ជីវិនិយោគ​ ១៧៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ​ ខណៈ​រោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី យ៉ាងដូច្នេះ​ថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេល ៦ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានគម្រោងចំនួន១៧៣គម្រោង បានចុះបញ្ជីវិនិយោគដែលមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ព្រមទាំងបង្កើត ការងារជូនប្រជាពលរដ្ឋ ១៧ម៉ឺននាក់។​ ការថ្លែងបែបនេះ​របស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតី ថ្លែង​បញ្ជាក់​ថា រាល់គម្រោងដែលបានចុះបញ្ជីវិនិយោគនៅ CDC គឺត្រូវមានឯកសារគ្រប់គ្រាន់ រួមទាំងមានទីតាំងដីផ្ទាល់ ឬជួលដីបានច្បាស់លាស់ ដូច្នេះក្រុមហ៊ុន ដែលចុះបញ្ជីភាគច្រើន គឺអនុវត្តគម្រោងទាំងនោះ។

សម្ដេចធិបតី ថ្លែង​បន្ត​ថា «ចឹងក្នុងរយៈពេល ៦ខែនេះ គម្រោង ១៧៣គម្រោង ហើយទុនវិនិយោគ ៤ ១៥០លានដុល្លារ ។ ក្រុមហ៊ុន មិនអាចបង្កើតមួយយប់ទេ ប៉ុន្ដែក្នុងរយៈពេល ៦ខែនេះ ដែលគាត់ចាប់អារម្មណ៍មកចុះឈ្មោះ ចុះបញ្ជីសិក្សាសម្រេចចិត្តរើសកម្ពុជា ជៀសជាងរើសប្រទេសផ្សេង។ ជាង៤ពាន់លាន បានសម្រេចចិត្តមកយើង ហើយក្នុងនោះលទ្ធភាពបង្កើតការងារបានជាង១៧ម៉ឺនកន្លែង ក្នុងគម្រោង ១៧៣គម្រោងនេះ»។

ជាមួយ​គ្នា​នោះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ ពោលគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ចំនួន ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋចំនួន ៧៧,២០៩នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងដូច្នេះថា៖ «បើយើងមើលពាក់ព័ន្ធទៅនឹងសហគ្រាសទាំងចុះនៅក្នុង CDC ទាំងមិនបានចុះនៅ CDC ប្រភពពីក្រសួងការងារ ក្នុងរយៈពេល៦ខែនេះ ពីថ្ងៃទី៣១ ខែ៨ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែ២ ឆ្នាំ២០២៤ រាងចក្រសហគ្រាសសរុប ដែលបានបើកថ្មី គឺមាន៣,៣១៣ ក្នុងនោះក្នុងវិស័យកាត់ដេរ ១៦៤រោងចក្រ បង្កើតការងារ ៥២,៥៩៧កន្លែង និងសហគ្រាសក្រៅពីវិស័យកាត់ដេរ មាន ៣,១៤៩ មានតូច មានធំ ដែលបង្កើតការងារជាង ២៤,៦១២នាក់ សរុប គឺ ៧៧,២០៩នាក់ ដែលបានបង្កើតការងារថ្មីជាមួយនឹងសហគ្រាស ៣,៣១៣»។

បន្ថែមពីនេះ​ សម្ដេចធិបតី ថ្លែង​ថា ប្រភពនៃការវិនិយោគនេះ មកពីប្រទេសចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ជប៉ុន និងប្រទេសជាច្រើនទៀត ព្រមទាំងពីកម្ពុជា ខ្លួនឯងផងដែរ។ ក្នុងរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានដើរទាក់មួយ មិនមែនមកទាត់ខ្យល់នោះទេ។

នាឱកាសនោះដែរ សម្ដេចធិបតី​ គូសបញ្ជាក់ថា នាពេលខាងមុខនឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈសម្ដេច ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២៤នេះផងដែរ។

...

សម្ដេចធិបតី គូសបញ្ជាក់បន្ថែមថា «នៅក្នុងពេលខាងមុខនេះ គឺមានគណៈប្រតិភូ វិនិយោគិនកូរ៉េខាងត្បូងនឹងមក ហើយនៅខែ៥ (ឧសភា) ខ្ញុំនឹងទៅកូរ៉េខាងត្បូង ដើម្បីទស្សនកិច្ចផ្លូវការ តាមការអញ្ជើញ របស់ឯកឧត្ដមប្រធានាធិបតី»។ សម្ដេចធិបតី បន្ថែមទៀតថា ក្នុងដំណើរ ទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង នាពេលខាងមុខនេះ សម្ដេចនឹងជជែកពិភាក្សា ជាការងារជាមួយ លោកប្រធានាធិបតីកូរ៉េត្បូង ដើម្បីទាក់ទាញការ វិនិយោគិនពីកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print